(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការ រងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានជូនដំណេីរយុវជនឆ្នេីមកម្ពុជាចំនួន៧រូប ទៅចូលរួមវេទិកាបណ្តាញបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ដោយមានការចូលរួមពីបណ្តាប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានប្រាប់ឱ្យដឹងថា យុវជនពីបណ្ដាប្រទេសមហាអនុតំបន់ទន្លេមេគង្គ៖ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ចំនួនសរុប ៤២រូប នឹងធ្វើទស្សនកិច្ចសិក្សា ផ្លាស់ប្ដូរ និងប្រមូលបទពិសោធន៍លើការគ្រប់គ្រង និងបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-២៥ ខែសីហា ឆ្នាំ២០២២ នៅប្រទេសថៃ និងឡាវ។

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានផ្ដាំផ្ញើឲ្យយុវជនថែទាំទាំងអស់ថែរក្សាសុខភាពយកចិត្តទុកដាក់ការពារជំងឺរាតត្បាតកូវីដ១៩ និងបន្តខិតខំប្រឹងប្រែងក្រេបជញ្ជក់យកនូវចំណេះដឹងពីដំណេីរទស្សនកិច្ចនេះពង្រឹងសមត្ថភាពដេីម្បីចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានថ្លែងអំណរគុណដល់ភាគីថៃដែលតែងតែបានរួមចំណែកជួយគាំទ្រដល់កម្ពុជា ហេីយសង្ឃឹមថាមិត្តថៃនឹងបន្តគាំទ្រជួយដល់កម្ពុជាលេីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទប់ស្កាត់បាននូវបញ្ហាគ្រឿងញៀនឆ្លងកាត់ព្រំដែននៃប្រទេសប្រទេសហត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គទាំងអស់។

សូមបញ្ជាក់ថា ក្នុងការជូនដំណេីរនិស្សិតជាយុវជនឆ្នេីមរបស់កម្ពុជានោះក៏មានការអញ្ជេីញចូលរួមពីលោក ឆាវ៉ាលុត តុងឆូ ទីប្រឹក្សាអមស្ថានទូតថៃ ប្រចាំកម្ពុជា ទទួលបន្ទុកកិច្ចការគ្រឿងញៀនផងដែរ៕