Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ នេត សាវឿន កោតសរសើរមន្ដ្រីនគរបាលគ្រឿងញៀន ដែលខិតខំតស៊ូបង្ក្រាបបទឧក្រិដ្ឋនេះបានជោគជ័យជាបន្ដបន្ទាប់

15-08-2022 17:48

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ដ្រី នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលបានខិតខំប្រឹងប្រែងតស៊ូ លះបង់កម្លាំងកាយចិត្ត ដើម្បីបង្ក្រាបបទឧក្រិដ្ឋដែលមានលក្ខណៈជាសកលមួយនេះ ទទួលបានជោគជ័យជាបន្ដបន្ទាប់ ហើយទទួលបានការសាទរពីសាធារណមតិផងដែរ។

ការកោតសរសើររបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ធ្វើឡើងតាមរយៈ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ដ្រី នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ។

ក្នុងជួបសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងអំពីនិន្នាការ នៃការប្រែប្រួលសភាពការណ៍គ្រឿងញៀនជាសកល ក៏ដូចជានៅកម្ពុជា ដែលកំពុងតែបង្កើតបញ្ហាប្រឈម និងការព្រួយបារម្ភជាច្រើនក្នុងសង្គមកម្ពុជា។

លោកក៏បាននាំនូវការផ្តាំផ្ញើរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានលើកសរសើរ និងលើកទឹកចិត្តចំពោះមន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ដែលបានខិតខំតស៊ូបង្រ្កាបករណីគ្រឿងញៀននៅកម្ពុជា និងឈានទៅដល់ការបង្រ្កាបមេខ្លោង និងបំផ្លាញនូវទីតាំងកែច្នៃ ផលិតគ្រឿងញៀន ដែលជាបញ្ហាថ្មីសម្រាប់កម្ពុជា។

ទន្ទឹមនឹងការលើកសរសើរ និងលើកទឹកចិត្ត លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ក៏បានលើកឡើងអំពីបញ្ហាខ្វះអសកម្ម និងបញ្ហាប្រឈមមួយចំនួនដែលជាសញ្ញាអវិជ្ជមាន ធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នអង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាស្ថាប័ននគរបាលជាតិ ដោយសារតែការវាយប្រហារពីបណ្តាញទំនាក់ទំនងសង្គម ការបង្ហាញពីអំការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមួយចំនួន ជាពិសេស ព្រឹត្តិការណ៍មួយចំនួនកើតឡើងពាក់ព័ន្ធនឹងសកម្មភាពរបស់មន្រ្តីប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានលើកឡើងពីវិធានការគន្លឹះមួយចំនួន ក្នុងការដោះស្រាយបញ្ហាប្រឈមដូចជា៖

*ទី១៖ ណែនាំឲ្យខិតខំពង្រឹងវិន័យរបស់កងកម្លាំង និងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសការសរសើរលើកទឹកចិត្តចំពោះមន្រ្តីមានស្នាដៃ និងអនុវត្តវិន័យតឹងរឹង និងវិធានការច្បាប់យ៉ាងហ្មត់ចត់ចំពោះមន្រ្តីដែលអនុវត្តខុសឆ្គងទៅនឹងវិន័យ ឬក៏អនុវត្តផ្ទុយពីច្បាប់។ ត្រូវអប់រំ និងលុបបំបាត់ឲ្យបាននូវរាល់អំពើអសកម្ម ដែលធ្លាប់កើតមានកន្លងមក និងមិនឲ្យកើតមានតទៅទៀត។

*ទី២៖ ត្រូវធ្វើបច្ចុប្បន្នភាព វិធីសាស្ត្រប្រតិបត្តិការ និងផ្តោតការយកចិត្តទុកដាក់បង្រ្កាបករណីដែលមានខ្សែរយៈបណ្តាញធំៗ ដោយឡែកករណីតូចតាចត្រូវចង្អុលដឹកនាំទៅកម្លាំងជំនាញនៅឯមូលដ្ឋាន ដើម្បីធ្វើការបង្រ្កាប។

*ទី៣៖ ពង្រឹងការងារគ្រប់គ្រងអង្គភាព និងមន្រ្តី ដោយត្រូវពង្រឹងយន្តការគ្រប់គ្រងដឹកនាំឲ្យបានច្បាស់លាស់ លើកកម្ពស់សមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងត្រូវមានកម្មវិធីបណ្តុះបណ្តាលនៅនឹងកន្លែង និងដកបទពិសោធន៍ការបំផ្លាញករណីដើម្បីឲ្យមន្រ្តីទទួលបាន ក៏ដូចជាការពង្រីកបានសមត្ថភាពក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន។

*ទី៤៖ ណែនាំឲ្យជំរុញបន្តអនុវត្តទិសដៅឆមាសរបស់មន្ទីរប្រឆាំងគ្រឿងញៀន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជារបស់ក្រសួងមហាផ្ទៃ ជាពិសេសអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាលឲ្យបានជោគជ័យ៕