(ភ្នំពេញ)៖ ព្រះមេធានុរ័ក្ខ គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ ព្រះតំណាងសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ បាននិមន្តដឹកនាំមន្ត្រីសង្ឃ ចុះសួរសុខទុក្ឋ និងផ្តល់ឱវាទអប់រំ ចរិយាធម៌ ដល់ជនរងគ្រោះដោយសារគ្រឿងញៀន កំពុងស្នាក់នៅទទួលសេវាព្យាបាល ស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីឲ្យពួកគេទទួលបាននូវការអប់រំខាងផ្លូវចិត្ត និងស្មារតី ជួយឲ្យពួកគេ លែងវិលវល់ជាមួយគ្រឿងញៀន ភ្ញាក់រលឹកដើរទៅរកផ្លូវល្អ លុះដោយដំបូន្មានឪពុកម្តាយ និងសង្គមជាតិ។
កម្មវិធីផ្តល់ឱវាទអប់រំ ចរិយាធម៌ ដែលរៀបចំនារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ មានការចូលរួមពីលោកស្រី ទូច សារ៉ុម រដ្ឋលេខាក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារពង្រឹងសាសនារាជធានី ព្រមទាំងមន្ត្រីកិច្ចការសាសនាជាច្រើនអង្គនាក់។
លោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ និងជាអនុប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានទូលថ្វាយដល់ព្រះអង្គថា សព្វថ្ងៃអ្នកញៀនថ្នាំកំពុងស្នាក់នៅជាក់ស្តែងចំនួន២.៥៩៩នាក់ ស្រី១៣២នាក់។ ក្នុងនោះមានអ្នកកាន់សាសនាឥស្លាម៧៩នាក់ និងសាសនាយ៉េស៊ូ២២នាក់។
លោកស្រីបន្តថា មជ្ឈមណ្ឌលបានយកចិត្តទុកដាក់ របបអាហារហូបចុក អាហារបែបម៉ូស្លីម ដោយគោរពតាមជំនឿសាសនា មិនមានរើសអើង បង្កលក្ខណៈងាយស្រួលដល់ពួកគេ ក្នុងការជឿ និងគោរពប្រតិបត្តិតាមសាសនារៀងៗខ្លួន។
លោកស្រីប្រធាន បានបញ្ជាក់ថា មជ្ឈមណ្ឌលឱកាសខ្ញុំ ផ្តល់សេវា ព្យាបាលដោយវេជ្ជសាស្ត្រ និងស្តារនីតិ សម្បទា ក្នុងនោះបានផ្ដល់នូវជំនាញវិជ្ជាជីវៈ រយៈពេលខ្លី (៣ខែ-៤ខែ) នូវចំណេះ ជំនាញសមស្របតាមសមត្ថភាព និង ចំណេះដឹងជាមូលដ្ឋាន របស់ពួកគេរៀងៗខ្លួន ដូចជារៀនផ្នែកកាត់ដេរសំលៀកបំពាក់, កុំព្យូទ័រ, ភាសាអង់គ្លេស, ជួសជុលម៉ាស៊ីនត្រជាក់, កាត់សក់បុរស, សំអាងការ- អ៊ុតសក់នារី និងផ្នែកកសិកម្ម។ មជ្ឈមណ្ឌលមានកម្មវិធីប្រឹក្សា យោបល់ ជាមួយអាណាព្យាបាល និងអប់រំ ផ្សព្វផ្សាយអំពីផល់ប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ផលប៉ះពាល់ដល់គ្រួសារ និងសង្គមជាតិ, បង្ការទប់ស្កាត់នៃការលាប់ឡើងវិញគ្រឿងញៀននៅពេលត្រឡប់ ទៅមូលដ្ឋាន និងក្រុមគ្រួសារវិញ, អប់រំពីវិន័យ បទបញ្ជាផ្ទៃក្នុង គុណធម៌ សីលធម៌ សុជីវធម៌ និងការដឹងគុណដល់អ្នកមានគុណ និងអប់រំ ពីសុខភាព និងអនាម័យទូទៅ។
ក្រោយពេលព្យាបាល ស្តារនីតិសម្បទា និងអាស្រ័យដោយរយៈពេលប្រព្រឹត្ត ឬប្រភេទគ្រឿងញៀនដែលពួកគេប្រើប្រាស់កន្លងមក គណៈកម្មការ និងគ្រូពេទ្យមជ្ឈមណ្ឌល ពិនិត្យសុខភាព និងវាយតម្លៃលើ លទ្ធផលព្យាបាល ស្តារនីតិសម្បទា ដល់ជនរងគ្រោះ ឃើញថា ពួកគេបានជាសះស្បើយ មានសាច់ឈាមស្រស់ថ្លា មានស្មារតីចងចាំ កាយសម្បទារឹងមាំ មានសីលធម៌ល្អ មណ្ឌលធ្វើរបាយការណ៍ស្មើសុំគោលការណ៍ ទៅរដ្ឋបាលរាជធានី ដើម្បីធ្វើសមាហរណកម្មទៅក្រុមគ្រួសារ នៅមូលដ្ឋានវិញ។
ក្នុងឱកាសនោះ ព្រះមេធានុរ័ក្ខ គូ សុភាព បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជាច្រើនឧបត្ថម្ភដល់មជ្ឈមណ្ឌលឱកាសខ្ញុំ ដើម្បីជួយទ្រទ្រុងដល់ការចំណាយលើអាហារហូបចុក របស់មណ្ឌលសម្រាប់ផ្គត់ផ្គង់ ដល់ជនរងគ្រោះ ដែលកំពុងស្នាក់នៅទទួលសេវាព្យាបាល ស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលឱកាសខ្ញុំ រួមមាន៖ អង្ករ ចំនួន ១២បាវ ១បាវ ៥០គីឡូក្រាម ទឹកក្រូច ចំនួន ១២កេស មី ៤កេសតូច និងថវិកាចំនួន៤លានរៀល៕