(កំពង់ធំ)៖ ក្នុងពិធីរុក្ខទិវានៅតំបន់ព្រៃសហគមន៍វាលអូរក្តី ស្ថិតនៅក្នុងភូមិសាស្រ្តឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃ១៥ ខែសីហា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងដាស់តឿនដល់សមត្ថកិច្ច ត្រូវបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាព កុំបង្ក្រាបតែបទល្មើសតូច ដល់បទល្មើសធំមិនបង្ក្រាប ពោលគឺត្រូវបង្ក្រាបទាំងតូចទាំងធំ។
លោក ងួន រតនៈ បានបន្តទៀតថា ខេត្តកំពង់ធំ ការគ្រប់គ្រងក្នុងការបង្ក្រាបទប់ស្កាត់ធនធានធម្មជាតិមិនទាន់មាននិរន្តរភាព១០០%នៅឡើយទេ ហេតុដូចនេះហើយទើបរាជរដ្ឋាភិបាលបានបង្កើតសហគមន៍ឡើង ដើម្បីចង់ឲ្យប្រជាពលរដ្ឋមានសិទ្ធិអាទិភាពក្នុងការចូលរួមថែរក្សាការពារព្រៃឈើទាំងអស់គ្នា។ ក្នុងនោះដែរត្រូវរួមគ្នាដាំដើមឈើឡើងវិញ ដោយការដាំនេះមិនមែនតែ១ឆ្នាំម្ដងនោះទេ គឺចូលរួមដាំជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះ លោក ងួន រតនៈ អំពាវនាវដល់នគរបាលយុត្តិធម៌ស្នូលបន្តសហការជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាពស្រុក/ឃុំ ត្រូវបន្តពង្រឹងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការបង្ការ និងទប់ស្កាត់រាល់បទល្មើស បំផ្លាញព្រៃឈើ និងទន្ទ្រានដីព្រៃជាទ្រព្យសម្បត្តិរបស់រដ្ឋ។
ម្យ៉ាងវិញទៀតត្រូវផ្ដល់ការអប់រំរាល់វេទិកាទាំងតូចទាំងធំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំឥស្សរជនរបស់រាជរដ្ឋាភិបាល តែងតែក្រើនរំលឹកដល់មន្ត្រីដែលពាក់ព័ន្ធក្នុងការបង្ក្រាបនេះជាហូរហែ។ ដូចជាការកាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូនផលអនុផលព្រៃឈើ និងឈើសន្និធិច្បាប់ត្រូវមានវិធានការផ្លូវច្បាប់ ជាពិសេសទៅលើការទន្ទ្រាន ដីរបស់រដ្ឋគ្រប់រូបភាព។ ចំណែកទីតាំងដែលមានជនល្មើសបានលួចកាប់បំផ្លាញព្រៃក្នុងតំបន់ហាមឃាត់ ត្រូវចុះពិនិត្យជាក់ស្ដែងបង្ក្រាប ហើយដកហូតជាសម្បត្តិរដ្ឋវិញជាធរមាន។
លោកបានថ្លែងអំណរគុណប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដែលមានខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំជាសេនាធិការបានសហការសហការជាមួយរដ្ឋបាលខេត្ត អង្គការជាតិ-អន្តរជាតិ ជាពិសេសអាជ្ញាធរស្រុកសន្ទុកបានរៀបចំពិធីអបអរសាទររុក្ខទិវាឆ្នាំ២០២២ នៅភូមិសាស្ត្រតំបន់សហគមន៍ព្រៃឈើវាលអូរក្តី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយដាំកូនឈើមាន៥ប្រភេទ មានធ្នង់ គ្រញូង បេង គគីរ និងឈើទាល សរុបចំនួន២,៥០០ដើម នៅលើដី២ហិកតា៕