(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបង្ហាញអំពីគម្រោងរបស់រដ្ឋបាលខេត្ត ក្នុងការកែលម្អផ្សារធំបាត់ដំបង បន្ទាប់ពីអនុវត្តបានដោយជោគជ័យស្ទើទាំងស្រុង លើយុទ្ធនាការកាត់សំយាបតាមផ្ទះល្វែង និងស្លាកផ្សាយពាណិជ្ជកម្ម នៅក្នុងតំបន់អភិរក្សក្រុងបាត់ដំបង។
លោកអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ៨០០ខ្នងផ្ទះ បានចូលរួមយ៉ាងផុលផុសក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយតំបន់អភិរក្សក្នុងក្រុង មកដល់ពេលនេះទទួលបានលទ្ធផលចំនួនជាង៩០%ហើយ។ ចំពោះមុខនេះ ទៀតក្រុមការងារកំពុងបន្តយុទ្ធនាការកំណត់យកថ្នាំពណ៌លាបទៅលើអាគារទាំងអស់នោះផងដែរ ឲ្យមានស្តង់ដាតែមួយ ដូចគ្នាទៅនឹងបណ្តាប្រទេសអភិវឌ្ឍមួយចំនួននៅក្នុងពិភពលោក។
ការកែប្រែដើម្បីសោភ័ណភាពក្រុងបាត់ដំបង ដំណាក់កាលដំបូងនេះ ក៏នឹងត្រូវរៀបចំបន្ថែមទៀតចំពោះមុខផ្ទះទុកជាចំហ។ លើសពីនេះក៏ត្រូវសម្រួលបើកច្រកឌឿងហែមនៅផ្នែកខាងក្រោយអាគារអភិរក្សផងដែរ ដើម្បីសម្រួលដល់ការចេញចូលប្រើប្រាស់ជាសាធារណ: ពិសេសបង្កលក្ខណ:ដល់រថយន្តពន្លត់អគ្គិភ័យបានងាយស្រួលផង។ ដោយឡែកការកែលម្អដំណាក់កាលបន្ទាប់ និងសំខាន់ជាងនេះទៀត គឺចំណតរថយន្តក្នុងក្រុងគ្រប់ប្រភេទ ដងផ្លូវសាធារណ:សម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងផ្លូវសម្រាប់ជនពិការដើរទៀតផង។
លោក សុខ លូ បានបន្តលើកឡើងទៀតថា ក្រោយផែនការរៀបចំខាងលើអាជ្ញាធរខេត្ត ក៏គ្រោងរៀបចំផ្សារធំបាត់ដំបង ហៅផ្សារណាត់ ផងដែរជាទីប្រមូលផ្តុំមនុស្ស ភ្ញៀវទេសចរជាតិអន្តរជាតិ ចេញចូលដើរលេងកម្សាន្ត ឬទិញទំនិញ វត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ចំពោះតួផ្សារទាំងមូលកំណត់ឲ្យលាបថ្នាំពណ៌ ទៅតាមទម្រង់ជំនាន់ដើម ហើយបើកផ្លូវច្រកកណ្តាលឲ្យភ្លៀវបានដើរឆ្លងកាត់ទៅមកឡើងវិញ ដូចជំនាន់ចាស់ពីមុនផងដែរ៕