(ព្រៃវែង)៖ លោក កុល វិរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានបើកសិក្ខាសាលាវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ នៃខេត្តព្រៃវែង។ សិក្ខាសាលានេះមានការចូលរួមពីលោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកលោកស្រី ក្រុមប្រឹក្សាឃុំសង្កាត់ដែលជាប់ឆ្នោតថ្មីជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសនោះលោកស្រី លៀង ស្រីម៉ុល បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តព្រៃវែង មានក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន ១,១៦៨ នាក់ ស្រី ២១០ នាក់ ក្នុងនោះក្រុម ប្រឹក្សាឃុំ សង្កាត់ ដែលដាប់ធ្នោះថ្មីចំនួន ៣៧១ នាក់ ស្រី ៥១ នាក់ ដោយឡែកក្រុមប្រឹក្សាឃុំ សង្កាត់មកពីគណបក្សប្រជាជនកម្ពុជា មានចំនួន ១៦៧ នាក់ មកពីគណបក្សភ្លើងទៀនសរុបចំនួន ២០២ នាក់ និង មកពីគណបក្សខ្មែរស្រលាញជាតិមាន ចំនួន ០២នាក់។
លោស្រី អភិបាលរងខេត្ត បន្តថា ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី គឺតម្រូវឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិថ្មីរបស់ខ្លួន ដើម្បីសម្រួល ដល់ការងារនៅរដ្ឋបាលឃុំ សង្កាត់អោយបានល្អប្រសើរ។
ក្នុងនោះដែរលោក កុល វិរក្ស បានថ្លែងថា ក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវគោរពតាមតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្តិ ដែលណែនាំសម្រាប់រដ្ឋបាលឃុំ សង្កាត់ យកទៅអនុវត្តឲ្យបានពេញលេញ និងត្រឹមត្រូវ។
លោក កុល វិរក្ស ផ្តាំផ្ញើថា «ទោះជា លោក លោកស្រី ដែលបានជាប់ឆ្នោតមកពីគណបក្សណាមួយក៏ដោយ ក៏លោក លោកស្រី ត្រូវប្រកាន់ភ្ជាប់នូវគោលនយោបាយសុខសន្តិភាពជានិច្ច សម្រាប់ប្រជាពលរដ្ឋ»។
លោកបន្ថែមទៀតថា «លោក លោកស្រី ត្រូវមានគណនេយ្យភាព ចំពោះប្រជាពលរដ្ឋ និងគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល និងច្បាប់ ដែលបានប្រគល់សិទ្ធិអំណាច ធនធាន និងការសម្រេចចិត្តក្នុងកិច្ចការដឹកនាំ គ្រប់គ្រង ចាត់ចែង និង សម្រេចចិត្ត ក្នុងការអភិវឌ្ឍជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។ ម្យ៉ាងវិញទៀត មុខងារ និងធនធានជាច្រើន ត្រូវបានប្រគល់មករដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការ បំពេញការងារជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាសាធាណៈឲ្យទាន់ពេលវេលា និងរហ័សនៅកម្រិតរដ្ឋបាលនីមួយៗ»។
លោកបន្តថា វគ្គបណ្តុះបណ្តាលតម្រង់ទិសដែលរៀបចំដោយសាលាជាតិរដ្ឋបាលមួលដ្ឋាននៃក្រសួងមហាផ្ទៃនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើយនឹងជាប់មកថ្មី ក្នុងអាណត្តិទី ៥ នេះ ដូចនេះសូមយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បីជាពុទ្ធិ ក្នុងការវត្តការងារនៅរដ្ឋបាលរបស់ខ្លួន ប្រកបដោយឆន្ទៈ ការគោរពនូវតួននាទី ភារកិច្ច ឲ្យបានល្អប្រសើរ៕