(ព្រះវិហារ)៖ លោក សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ នៅក្នុងការបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងធនធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងការកសាងសំណុំរឿងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ការថ្លែងលើកឡើងរបស់លោក សូ ខនឫទ្ធីគុណ បែបនេះក្នុងឱកាសដែលលោកតំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចូលរួមសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ» ធ្វើឡើងនៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក មុត ភិសិទ្ធនា អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរ ក្រុង ស្រុក ជាច្រើនរូបទៀត។
លោក សូ ខនឫទ្ធីគុណ បានថ្លែងថា សិក្ខាសាលាផ្សព្វផ្សាយច្បាប់នៅក្នុងថ្ងៃនេះ បានរៀបចំឡើងក្រោមការផ្តួចផ្តើមរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ ហើយលោកក៏សូមស្វាគមន៍ចំពោះការអញ្ជើញចូលរួម ពីអស់លោក លោកស្រី មកពីស្ថាប័នពាក់ព័ន្ធនៅក្នងខេត្តព្រះវិហារ ហើយនេះក៏បានបញ្ជាក់ពីសក្ខីភាពបញ្ជាក់នូវការគាំទ្រ និងការយកចិត្តទុកដាក់ខ្ពស់នៅក្នុងដំណើរការផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ។
ក្នុងការចូលរួមចំណែកការពារទ្រព្យសម្បត្តិរដ្ឋ និងអភិរក្សធានធម្មជាតិ នៅក្នុងតំបន់ការពារធនធានធម្មជាតិនៅកម្ពុជាព្រោះថា ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនមែនជាកម្មវត្ថុ នៅក្នុងការទិញលក់បានឡើយ។ រាល់ការបញ្ជាក់ការទិញលក់ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោលជាអាសារបង់ ហើយអ្នកដែលពាក់ព័ន្ធទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងទៀតថា ស្របតាមគោលបំណងនិងគោលដៅនៃការអនុវត្តគោលនយោបាយ និងផែនការគាំទ្រដល់ការអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា និងបន្ថែមលើសិក្ខាសាលាកន្លងមក ដែលបានផ្សព្វផ្សាយអំពីសារៈសំខាន់ នៃការការពារអភិរក្សបរិស្ថាន។ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាកព័ន្ធនិងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងឱ្យកាន់តែប្រសើរថែមទៀត នូវការយល់ដឹង ទូលំទូលាយអំពីច្បាប់ដែលអនុវត្តចំពោះតំបន់ការពារធម្មជាតិ ដែលជាប្រភពនៃសិទ្ធិ កាតព្វកិច្ច និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធទាំងអស់។
លោក សូ ខនឫទ្ធិគុណ ក៏បានថ្លែងបញ្ជាក់ថា សិក្ខាសាលានាថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីការខិតខំ និងយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តព្រះវិហារ ក្នុងការចូលរួមចំណែកក្នុងការសហការការពារទ្រព្យសម្បត្តិរដ្ឋ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពារធនធានធម្មជាតិ នៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងផ្តល់ចំណេះដឹងបន្ថែមជូនដល់សិក្ខាកាមលើប្រធានបទ៖
*ទស្សនទាននៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការលើវិស័យបរិស្ថាន
*សញ្ញាណទូទៅនៃទ្រព្យសម្បត្តិរដ្ឋ
*សញ្ញាណទូទៅនៃច្បាប់ស្តីពីការប្រឆាំងការបោសសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម
*ច្បាប់ និងបទល្មើសទ្រព្យសម្បត្តិរដ្ឋ
*តួនាទីរបស់នគរបាលយុត្តិធម៍
*និតិវិធីកសាងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕