(ព្រះវិហារ)៖ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរ សមត្ថកិច្ច ស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានចុះកាត់ដើមឈើ ០១ដើមដែលរលំទ្រេតមកលើ ផ្លូវជាតិលេខ៦២ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨៨+៤០០ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា ដើមឈើ១ដើមដែលរលំទ្រេតមកលើផ្លូវជាតិលេខ៦២នេះ គឺត្រូវខ្យល់កន្ត្រាក់បោកបក់ខ្លាំង បណ្តាលឱ្យរលើងគល់ យប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ តែមិនបណ្តាលឱ្យមានប្រជាពលរដ្ឋ ឬអ្នកដំណើរណាម្នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះទេ។
លោកប្រធានមន្ទីរថ្លែងបន្តទៀតថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ជៀសនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុនោះ លោកក៏បានណែនាំដល់ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ត ដើម្បីដឹកនាំកម្លាំងចុះកាត់ដើមឈើនេះចេញពីផ្លូវ មកដល់ពេលនេះដើមឈើដែលរលំទ្រេតមកលើផ្លូវថ្នល់ ត្រូវបានកាត់ចេញទាំងស្រុងហើយ ប្រជាពលរដ្ឋអាចដំណើរដូចធម្មតានៅលើផ្លូវនេះ ដោយមិនមានឧបសគ្គនោះទេ។
លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបើកបរគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ពោលគឺកុំបើកបរក្នុងស្ថានភាពស្រវឹង កុំបើកបរលើសល្បឿនកំណត់ កុំបើកបរវ៉ាជែងទាំងប្រថុយប្រថាន និងត្រូវមើលសញ្ញាចរាចរណ៍ គំនូសចរាចរណ៍តាមដងផ្លូវ ឱ្យបានច្បាស់លាស់ ពិសេសត្រូវពាក់ខ្សែក្រវ៉ាត់ការពារជានិច្ចរាល់ពេលបើកបរ៕