(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់ដល់អភិបាលរាជធានីភ្នំពេញ ឲ្យចាត់វិធានការចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះ ខុសពីការណែនាំរបស់ក្រសួងសុខាភិបាល របស់ម្ចាស់គ្លីនិកឯកជន ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរ នៅតាមដងផ្លូវ មកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពនៅតាមដងផ្លូវ។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបញ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងទៀតថា រយៈកាលកន្លងមកក្រសួងសុខាភិបាល បានធ្វើសារាចរណែនាំជាច្រើនលើកច្រើនសាររួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាត ឱ្យគ្លីនិកឯកជន យករថយន្តគិលានសង្គ្រោះ របស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវមកព្យាបាល នៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត។
ក្នុងលិខិតបានបញ្ជាក់ទៀតថា ប៉ុន្តែបច្ចុប្បន្ននេះ សង្កេតឃើញមានគ្លីនិកឯកជនមួយចំនួន មិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើសកម្មភាព យករថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិកទៀត។
ជាមួយគ្នានោះ ក្រសួងក៏ឃើញមានឡានពេទ្យឯកជនមួយចំនួនទៀត ដែលពុំមានឈ្មោះគ្លីនិក ទៅដឹកអ្នកគ្រោះថ្នាក់ចរាចរ និងសាកសពគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវ រហូតដល់មានការឈ្លោះប្រកែកដណ្ដើមគ្នា ដឹកយ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយជះឥទ្ធិពលមិនល្អ ដល់វិស័យសុខាភិបាលទាំងមូល និងសេចក្ដីថ្លៃថ្នូរបស់គ្រូពេទ្យ ដទៃទៀត ហើយក៏មានរថយន្តគិលានសង្គ្រោះមួយចំនួនទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើចររាចរណ៍ តាមដងផ្លូវផងដែរ៕