(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានចេញលិខិតព្រមាន និងដាក់ពិន័យមន្ទីរពហុព្យាបាល ម្លិះដង្កោ ក្រោយប្រព្រឹត្តកំហុសឆ្គងពាក់ព័ន្ធការដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ យកទៅកន្លែងរបស់ខ្លួន ខុសពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងសុខាភិបាល បានបញ្ជាក់ថា មន្ទីរពហុព្យាបាលម្លិះដង្កោ តែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅកន្លែងមន្ទីរពហុព្យាបាល ម្លិះដង្កោ របស់ខ្លួនខុសច្បាប់ ដែលក្រសួងសុខាភិបាលបានហាមឃាត់ និងបានធ្វើសេចក្ដីណែនាំទៅគ្រប់គ្លីនិកឯកជនទាំងអស់ មិនអនុញ្ញាតឲ្យយករថយន្តគិលានសង្គ្រោះឯកជនរបស់ខ្លួនចេញទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិកឯកជនរបស់ខ្លួនជាដាច់ខាត។
ក្រសួងសុខាភិបាល សូមធ្វើការព្រមាន ផាកពិន័យ និងណែនាំចំពោះលោកវេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់មន្ទីរពហុព្យាបាល ម្លិះដង្កោ ដូចខាងក្រោមនេះ៖
*ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការយករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវយកមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនចាប់ពីថ្ងៃណែនាំនេះតទៅ
*ទី២៖ ត្រូវផាកពិន័យអន្តរការជាប្រាក់ចំនួន ១០,០០០,០០០រៀល ចំពោះកំហុសឆ្គងដែលមាន
*ទី៣៖ ត្រូវគោរពឲ្យបានត្រឹមត្រូវទៅតាម ច្បាប់ អនុក្រឹត្យ ប្រកាស និងសារាចរណែនាំផ្សេងៗរបស់ក្រសួងសុខាភិបាល
*ទី៤៖ ត្រូវគោរពទៅតាមកិច្ចសន្យារបស់ខ្លួន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលបានសន្យាជាមួយក្រសួងសុខាភិបាល
*ទី៥៖ ក្នុងករណីដែលលោកវេជ្ជបណ្ឌិត ស៊ឹម វន់ មិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលទេនោះ ក្រសួងនឹងមានវិធានការបិទមន្ទីរពហុព្យាបាល ម្លិះដង្កោ ដោយមិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាលអ្នកជំងឺតទៅទៀតឡើយ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ មន្ទីរពហុព្យាបាលម្លិះដង្កោ បានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅលើបណ្ដាញសង្គម Facebook ក្រោយដឹកអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទៅកន្លែងរបស់ខ្លួន ហើយយកថ្លៃព្យាបាលហួសហេតុ៕