(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានណែនាំដល់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាទាំងអស់ ត្រូវពង្រឹង និងបន្ដរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង និងបន្ដកសាងអំពើល្អក្នុងសង្គម ដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
ការលើកឡើងរបស់សម្ដេច សាយ ឈុំ បែបនេះក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្ដីពី «ការចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។ ក្នុងនោះក៏មានការចូលរួមពីលោកស្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជន គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា រួមជាមួយសមាជិក សមាជិកា គណបក្សប្រមាណ៧០០រូបផងដែរ។
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ខ្ពស់ចំពោះគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាល ដែលបានផ្តួចផ្តើមរៀបចំឲ្យមានសិក្ខាសាលានេះឡើង ក្នុងទម្រង់ជាវេទិកាចែករំលែក បទពិសោធន៍ រវាងយន្តការនានារបស់គណបក្ស ដោយអនុញ្ញាតឲ្យមន្រ្តីគណបក្សដែលមកពីរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងប្រទេស និងយន្តការគណបក្សពាក់ព័ន្ធបានស្វែងយល់បន្ថែមទៀត អំពីតួនាទី អំពីស្ថានភាពបច្ចុប្បន្ន នៃការងារផ្សព្វផ្សាយ និងសាធារណមតិ ក្នុងបរិបទនៃការរីកចម្រើនរបស់ប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាបណ្ដាញសង្គម។
សម្ដេច សាយ ឈុំ ក៏បានផ្ដាំផ្ញើដល់អង្គសិក្ខាសាលាឲ្យខិតខំប្រឹងប្រែងស្វែងយល់ឲ្យបានកាន់តែច្បាស់ និងស៊ីជម្រៅពីតម្លៃនៃព័ត៌មាន យកចិត្តទុកដាក់បន្ថែមទៅលើការប្រើប្រាស់ព័ត៌មានក្នុងការផ្សព្វផ្សាយធ្វើយ៉ាងណា ឲ្យផ្ដល់នូវព័ត៌មានដែលពិត និងផ្ដល់ប្រយោជន៍ដល់សង្គមផង ហើយផ្ដល់ភាពជឿជាក់ជូនប្រជាពលរដ្ឋទូទៅផង។
ទន្ទឹមនឹងនោះ សម្ដេចបានណែនាំឲ្យប្រើប្រាស់ឲ្យបានត្រឹមត្រូវទាំងការផ្ដល់ព័ត៌មានបែបប្រពៃណី និងព័ត៌មានបែបទំនើប ធ្វើយ៉ាងណាឲ្យមានភាពស៊ីសង្វាក់គ្នា ជាពិសេសតាមដានលើវឌ្ឍន៍ភាព នៃការរីកចម្រើនរបស់បច្ចេកវិទ្យា ជាប្រចាំ ដើម្បីក្ដាប់ឲ្យជាប់រាល់ព័ត៌មាន និងធ្វើការអភិវឌ្ឍខ្លួនឲ្យទាន់សភាពការនៃសង្គម៕