(ព្រះសីហនុ)៖ ដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ ទី ឡុង អនុប្រធាននាយកដ្ឋាន បានសហការជាមួយ អង្គការសម្ព័ន្ធអន្តរជាតិ ទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង ហៅកាត់ថា IARD ចុះបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេស អនុវត្តច្បាប់បើកបរក្នុងស្ថានភាពស្រវឹង ដល់មន្រ្តីនគរបាលចរាចរណ៍ ខេត្តព្រះសីហនុចំនួន ៤០នាក់។
វគ្គបណ្តុះបណ្តាលមានរយៈពេលពីរថ្ងៃ៣០ និងថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៦ ផ្តោតសំខាន់លើច្បាប់ និងបទដ្ឋានពាក់ព័ន្ធ ការប្រើប្រាស់ឧបករណ៍ និងការត្រួតពិនិត្យជាតិស្រវឹង លើអ្នកបើកបរការរៀបចំគោលដៅ និងការអប់រំអ្នកបើកបរ អំពីផលប៉ះពាល់នៃគ្រឿងស្រវឹង និងការបើកបរ។
គិតមកដល់ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០១៦ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានសហការជាមួយអង្គការ IARD ចុះបើកវគ្គបណ្តុះបណ្តាល បានចំនួនពីរខេត្ត គឺខេត្តព្រៃវែង និងខេត្តព្រះសីហនុ សរុបសិក្ខាកាមចូលរួមចំនួន ៨៥នាក់៕