(ភ្នំពេញ)៖ សមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) ដែលជាសមាគមមួយក្នុងចំណោមសមាគមចិនឈានមុខគេ មានទីស្នាក់ការនៅទីក្រុងហុងកុង ព្រមទាំងទើបតែបើកសម្ពោធ ការិយាល័យតំណាងប្រចាំនៅកម្ពុជា នាខែមិថុនាថ្មីៗកន្លងមកនេះ បានរៀបចំកម្មវិធីសំណេះសំណាលជាមួយសមាជិកចាស់ ព្រមទាំងទទួលសមាជិកថ្មីជាច្រើនរយនាក់ នៅគម្រោង Urban Village និងមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh កាលពីពេលថ្មីៗនេះ។
សមាគមពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ជាមួយនឹងក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ វិនិយោគិន អ្នកដឹកនាំឧស្សាហកម្ម សហគ្រិន និងសមាជិកនៃរាជវង្សកម្ពុជា។ សមាគមពាណិជ្ជកម្មកម្ពុជា ចិន ហៅកាត់ថា CCCA គឺជាលទ្ធផលនៃកិច្ចព្រមព្រៀងរួមរបស់អ្នកវិនិយោគ សហគ្រិនក្នុងបណ្តាប្រទេស និងតំបន់នានានៅអាស៊ី រួមមាន ចិន កម្ពុជា ហុងកុង សិង្ហបុរី ដើម្បីបង្កើតជាស្ពានមួយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រិន អ្នកវិនិយោគដែលមានបទពិសោធន៍វិនិយោគក្នុងប្រទេសកម្ពុជា ជាមួយសហគ្រិន និងអ្នកវិនិយោគមកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី ដែលមានបំណងចង់មកវិនិយោគក្នុងប្រទេសកម្ពុជា។ លើសពីនេះ បេសកកម្មរបស់ CCCA រួមមានការលើកកម្ពស់ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្ម ព្រមទាំងគាំទ្រក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម និងបំពេញទំនួលខុសត្រូវសង្គមឲ្យកាន់តែប្រសើរឡើង។
បន្ថែមលើសពីនេះទៀត CCCA គឺក៏ផ្តល់ឱកាសដល់ប្រជាជនមកពីប្រទេសផ្សេងៗ គាំទ្រក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម តំណាងឲ្យវិស័យសាធារណៈ នៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលដែលបង្កើត និងអនុវត្ត ចូលរួមក្នុងការងារអភិវឌ្ឍន៍សហគមន៍ ជំរុញការយល់ដឹង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បំពេញទំនួលខុសត្រូវសង្គម។
លើកឡើងនៅក្នុងកម្មវិធីជួបជុំវិនិយោគិនបរទេស និងស្វាគមន៍សមាជិកថ្មីប្រមាណជាង ២០០នាក់ នៅសមាគមន៍ពាណិជ្ជកម្មកម្ពុជា ចិន (CCCA) ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា និងហុងកុង នៅថ្ងៃទី១៣ សីហានេះ លោកបណ្ឌិត ប៊ែន លី (Ben Li) ប្រធានកិត្តិយស និងជាអគ្គនាយក ស្ថាបនិកគម្រោង Urban Village & Factory Phnom Penh បានលើកឡើងដែរថា «សមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) ផ្តោតអំពីការគាំទ្រ SME។ ទោះបីជាមានឈ្មោះជា សមាគមពាណិជ្ជកម្មកម្ពុជា-ចិន តែយើងស្វាគមន៍អ្នកជំនួញមិនថាខ្មែរ ចិន នោះទេ គឺយើងស្វាគមន៍ទាំងអស់»។
លោកបន្តថា «ដូចអ្នកបានឃើញ គឺយើងមានទំរង់អន្តរជាតិដែលមានសហគ្រិនមកពីសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ អ្វីដែលសំខាន់ គឺម្នាក់ៗមានសិទ្ធិក្នុងការសំរេចចិត្ត។ ហេតុផលដែលយើងបង្កើត CCCA គឺអំឡុងកូវីដ មានអាជីវកម្មជាច្រើនជួបបញ្ហានៅកម្ពុជា CCCA ផ្តល់ឱកាសឲ្យពួកគាត់ជួបគ្នារៀងរាល់ខែជា SME នឹងមាន Networking។ នៅ Factory Phnom Penh គឺមានជាង១០០ Start-up ដែលពួកគាត់ជួយគ្នាហើយអាចបន្តរស់ក្នុងកូវីដ។ នេះជាកម្មវិធីដែលគាត់អាចជួបគ្នា និងស្វាគមន៍សមាជិកថ្មី»។
ដោយឡែកប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិនប្រចាំនៅកម្ពុជា ហៅកាត់ថា CCCA, Cambodia Chapter, Dr.Choi បានធ្វើការគូសបញ្ជាក់ថា វិនិយោគិនចិន ហុងកុង ម៉ាឡេស៊ី សិង្ហបុរី អាចនឹងត្រលប់មកវិនិយោគលើវិស័យផ្សេងៗ ជាពិសេសអចលនទ្រព្យនិងសំណង់បន្ថែមក្នុងទីផ្សារកម្ពុជាកាន់តែច្រើន តាមរយៈការគៀងគរនូវវិនិយោគិនដែលជាដៃគូរស្រាប់ក្នុងសមាគមន៍ និងដៃគូថ្មីៗ ស្របពេលដែលកម្ពុជា បានផ្តល់នូវលក្ខខណ្ឌអំណោយផលច្រើនទៅលើការវិនិយោគ ។
សហគ្រិនស្ត្រីឆ្នើម លោកស្រី Catherine Chan ដែលបានបានពានរង្វាន់ជាច្រើន និងជាស្ថាបនិក Gold Fame Group បានលើកឡើងថា «មានអត្ថប្រយោជន៍ជាច្រើនជាសមាជិក CCCA ដែលជាថ្នាលអន្តរជាតិ ដែលអ្នកចូលរួមអាចមានទីផ្សារសំរាប់អាជីវកម្ម និងហ្វឹកហាត់ខ្លួនឯង។ ពួកគាត់បានណែនាំអាជីវកម្មពីគ្នាទៅវិញទៅមក ហើយនៅពេលពួកគាត់មកទីនេះ អ្នកឃើញ co-working space ដែលជាសហគមន៍ដ៏ធំមួយ។ សាកស្រមៃថា បើអ្នកមកហើយមានមនុស្សជាច្រើន នោះអ្នកនឹងមានអារម្មណ៍ថា អាជីវកម្មដំណើរការល្អ។ ប្រទេសកម្ពុជា មានការអភិវឌ្ឍច្រើន។ ហេតុផលមួយទៀតនៃការបង្កើត CCCA គឺយើងនឹងបង្កើតកម្មវិធីជាច្រើនទៀតនៅ Urban Village & Factory Phnom Penh ព្រោះយើងចង់ឲ្យពួកគាត់ពង្រីកអាជីវកម្មរបស់គាត់ មានទំនាក់ទំនងល្អ និងជួយគ្នា»។
គួរបញ្ជាក់ថា សមាគមពាណិជ្ជកម្មកម្ពុជា ចិន ប្រចាំកម្ពុជាបង្កើតឡើងនៅខែឧសភាឆ្នាំ២០២២នេះ ដែលមានការគាំទ្រពីវិនិយោគិន និងសហគ្រិនជាច្រើនចូលជាសមាជិក។ ស្របពេលគ្នានេះដែរ បន្ទាប់ពីធូរស្បើយពីជំងឺសកល កូវីដ១៩ រាជរដ្ឋាភិបានកម្ពុជាកំពុងធ្វើការងារជាច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមទាំងការវិនិយោគនានា។ បើតាមការព្យាករណ៍ពី IMF បានបង្ហាញថា អត្រាកំណើនសេដ្ជកិច្ចកកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញ ក្នុងអត្រា ៥,១ ភាគរយក្នុងឆ្នាំ ២០២២ ខណៈការវិនិយោគពីបរទេស និងតម្រូវការក្នុងស្រុកកាន់តែមានភាពល្អប្រសើរ៕