(ភ្នំពេញ)៖ សៀវភៅអាថ៌កំបាំងក្រៅឆាកក្រោយវាំងននរបស់មេដឹកនាំអាស៊ាននិងពិភពលោក នៅទំព័រទី១៨ លោក ពុយ គា បានសរសេរអំពីការខកខានមិនបានទទួលទានអាហារបឺហ្កឺរនៅក្នុងហាងមួយនារាជធានីភ្នំពេញ ព្រោះតែបញ្ហាបន្ទាន់នៅមជ្ឈិមបូព៌ា នាអំលុងពេលដែលលោកមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំអាស៉ីបូព៌ានៅកម្ពុជា ១៩-២០ វិច្ឆិកា ២០១២។
សៀវភៅខាងលើបានសរសេរថា៖
សាច់គោនៅមិនទាន់ចម្អិននៅឡើយ ហើយសាលាដនិងប៉េងប៉ោះក៏ត្រូវបានត្រៀមទុកហើយជាស្រេចនៅហាងបឺហ្កឺរមួយដែលមានឈ្មោះ Mike’s Burger House ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី។
លោក អ៉ឹម ចិន្តា ជាម្ចាស់ភោជនីយដ្ឋានអាហារចម្អិនរហ័ស (Fast Food) សញ្ញាតិខ្មែរ-អាម៉េរិកាំង បាននិយាយថា គម្រោងស្វាគមន៍ប្រធានាធិបតីនៅ Mike’s Burger House ត្រូវបានលុបចោលដោយសារកិច្ចប្រជុំច្រើនពេកនៅភ្នំពេញ និងបញ្ហាបន្ទាន់នៅមជ្ឈិមបូព៌ា។
លោក ចិន្តា បាននិយាយថាភ្នាក់ងារសម្ងាត់អាម៉េរិកជាង២០នាក់បានទៅពិនិត្យភោជនីយដ្ឋានរបស់គាត់២សប្តាហ៍មុនពេលលោក អូបាម៉ា គ្រោងទៅរយៈពេល១៥នាទីនៅវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ហើយម្ហូបអាហារក៏បានកុម្ម៉ង់រួចហើយ គឺ Classic American Bacon Cheese Burger ដែលជាអាហារមួយឈុតមានតម្លៃ៧ដុល្លារ រួមទាំងកូកាកូឡាផង។
«ខ្ញុំរំភើប ហើយក៏មានអារម្មណ៍សោកស្ដាយដែលគម្រោងរបស់គាត់ត្រូវបានលុបចោលវិញ»។ លោក ចិន្តា ជាអាណិកជនខ្មែរ ដែលទើបត្រលប់មកកម្ពុជាវិញបន្ទាប់ពីរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាអស់រយៈពេល២៧ឆ្នាំ។
ជុំវិញអាហាររបស់លោក អូបាម៉ា បានធ្វើឱ្យគេភ្ញាក់ផ្អើលម្តងកាលពីគាត់ទៅទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីខែឧសភា ឆ្នាំ២០១៦។ កាលនោះ លោក អូបាម៉ា បានទៅហាងអាហារតាមចិញ្ចើមថ្នល់ ឈ្មោះ Bún Chà Huong Liên នៅទីក្រុងហាណូយ ជាមួយមេចុងភៅល្បីឈ្មោះមួយរូប លោក Anthony Bourdain។
លោក អូបាម៉ា និងចុងភៅរូបនោះបានចំណាយអស់ទឹកប្រាក់ត្រឹមតែ៦ដុល្លារប៉ុណ្ណោះ ហើយរូបថតនៃអាហារពេលល្ងាចរបស់ពួកគាត់ត្រូវបានផ្សាយពេញពិភពលោក ហើយម្ចាស់ហាងក៏ចាប់ផ្តើមឡង់សេមុខម្ហូបមួយឈុតរបស់លោក អូបាម៉ា (Combo Obama) ចាប់តាំងពីពេលនោះមក៕