(កោះកុង)៖ អតីតយុទ្ធជន និងពលរដ្ឋក្រីក្រ និងសិស្សានុសិស្សជាង៥០០នាក់ បានទទួលអំណោយសប្បុរសជន ពីអាជ្ញាធរស្រុកបូទុមសាគរ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបរិវេសាលាស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្នុងពិធីនេះ មានការចូលរួមពីម្ចាស់សប្បុរសជន លោក ហេង ហ៊ុយ ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា លោកស្រី ពិន នង ភរិយាឧត្តមឧត្តមសេនីយ៍ កែវ តាំរដ្ឋលេខាធីការក្រសួងការពារជាតិ, លោក ហាក់ឡេង អភិបាលស្រុកបូទុមសាគរ រួមនិងសប្បុរសជនជាច្រើនរូប។
លោក ហាក់ ឡេងលើកឡើងថា ប្រទេសមានសន្តិភាពមានការអភិវឌ្ឍន៍ មានធនធានមនុស្សក្នុងរជ្ជកាលនេះ គឺមកពីមានការលះបង់សាច់ស្រស់ឈាមស្រស់ ហ៊ានលះបង់ពលីអាយុជីវិត ដើម្បីបូរណភាពទឹកដី គឺអតីតយុទ្ធជន ជាក្រុមជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជានិមិត្តរូបនៃស្មារតីនៃការលះបង់ និងពលីកម្មគ្រប់បែបយ៉ាង ដើម្បីសង្គមកិច្ចបានសុខសន្តិភាព ក៏ដូចជាការអភិវឌ្ឍន៍ ទន្ទឹមនឹងមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោដឹកនាំប្រទេសដូចសព្វថ្ងៃ។
លោកអភិបាលស្រុកបូទុមសាគរ បន្ថែមថា ការលះបង់របស់អតីតយុទ្ធជន និងចាស់ជរាជំនាន់មុនៗ សុទ្ធតែត្រូវបានចារិកទុកនូវគំរូវីរៈភាពដ៏ឧត្តុងឧត្តមរបស់ពួកគាត់ សម្រាប់យុវជនជំនាន់ក្រោយបានដឹង និងស្វែងយល់យកគំរូតាម។ តបនឹងគុណបំណាច់នេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង៣០០ពាន់លានរៀលក្នុង១ឆ្នាំៗ ទៅលើវិស័យអតីតយុទ្ធជន ក៏ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
បើតាមអាជ្ញាធរស្រុកបូទុមសាគរ កាលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជំរុញឲ្យមានចលនាថ្មីមួយទៀត គឺចលនាកសាងលំនៅដ្ឋាន ជូនដល់អតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេស ក្នុងន័យសំដៅលើកកម្ពស់ជីវភាពរស់នៅប្រកបដោយសុខុដុរមនាបន្តទៀត។
ដោយឡែកលោកស្រី ពិន នង ជាសប្បុរសជនម្នាក់ដែលតែងតែគាំទ្រ ដល់ការអភិវឌ្ឍន៍នៅស្រុកបូទុមសាគរ លើកឡើងថា អតីតយុទ្ធជន និងមនុស្សចាស់ជរា ត្រូវបានរាជរដ្ឋាភិបាល ផ្តោតយកចិត្តទុកដាក់ខ្ពស់ ទៅលើសុខទុក្ខរបស់ពួកគាត់គ្រប់ពេលវេលា។
លោកស្រី ពិន នង បានឲ្យដឹងថា នៅពេលណាមានការលំបាក សម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត មិនដែលនៅស្ងប់ស្ងៀមនោះទេ ពោលគឺលោកទាំងទ្វេរ បានចាត់អាជ្ញាធរមន្រ្តីជំនាញ និងសប្បុរសជនទាំងអស់ជួយដោះស្រាយភ្លាមៗ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយស្លាប់នោះឡើយ។ ដូច្នេះអតីតយុទ្ធជន និងមនុស្សចាស់ជរា នៅតែដើរតួនាទីយ៉ាងសំខាន់ បំផុតនៅក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិលើកិច្ចការងារអប់រំទូន្មានអប់រំ និងចូលរួមរាល់សកម្មភាពអភិវឌ្ឍន៍ផ្សេងមិនអាចខ្វះបាន៕