(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឲ្យម៉ាកាវ ជួយទិញកសិផលពីប្រទេសកម្ពុជាបន្ថែមទៀត ជាពិសេស អង្ករ ហើយសម្តេចតេជោ បានស្នើឲ្យម៉ាកាវយកប្រទេសកម្ពុជា ជាឃ្លាំងកែច្នៃ និងរក្សាទុកអង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និង ទៅកាន់ប្រទេសមួយចំនួន ដែលទទួលជំនួយស្បៀងពីប្រទេសចិន។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យលោក ហូ ហៅវ៉ា អតីតប្រធាន នៃរដ្ឋបាលពិសេសទីក្រុងម៉ាកាវ និងជាអនុសភានយោបាយចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៦នេះ។
លោក Ho Hou Wah ជម្រាបសម្ដេចតេជោថា វត្តមានរបស់លោក និងគណៈប្រតិភូមកកាន់កម្ពុជានពេលនេះ ដើម្បីចូលជួបសម្ដែងការគួរជាមួយសម្ដេចតេជោ ដែលឆ្លើយតបដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់ទីក្រុងម៉ាកាវកាលពីខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ និងម្យ៉ាងទៀត ដើម្បីចូលរួមសិក្ខាសាលា និង ស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជាជាមួយសហគ្រិនវ័យក្មេងជាង ១០០នាក់ពីម៉ាកាវ តបតាមការអំពាវនាវរបស់សម្ដេចតេជោ។ ទន្ទឹមនឹងនេះ ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាកម្ពុជា និង ទីក្រុងម៉ាកាវឲ្យកាន់តែប្រសើរឡើង។
សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក Ho Hou wah និងគណៈប្រតិភូ ហើយសម្តេចបានជំរុញឲ្យអ្នកវិនិយោគម៉ាកាវ មកស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា ព្រោះកម្ពុជា មានសក្ដានុពលច្រើនក្នុងនោះដូចជា ទេសចរណ៍ និង កសិ កម្មជាដើម។
សម្តេចតេជោ បានបញ្ជាក់ប្រាប់លោក ហូ ហៅវ៉ា ថា កម្ពុជា-ចិន បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ឲ្យឡើងដល់ ៥ពាន់លាន ដុល្លារនៅឆ្នាំ២០១៧។
ឆ្លើយតបនឹងជំហរ នៃការពង្រីកទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្តេចតេជោ បានជំរុញឲ្យមានជើងហោះហើរត្រង់ពីម៉ាកាវមកកាន់កម្ពុជាឲ្យបានកាន់តែច្រើន ជាពិសេសសម្តេចតេជោ បានស្នើឲ្យម៉ាកាវទិញកសិផលពីកម្ពុជា ជាពិសេសអង្ករ ហើយយកប្រទេសកម្ពុជា ធ្វើជាកន្លែងឃ្លាំងកែច្នៃរក្សាទុកអង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទៅប្រទេសមួយចំនួន ដែលទទួលជំនួយស្បៀងពីមិត្តចិន។
លោក Ho Hou Wah បានសម្តែងការពេញចិត្តខ្លាំង ចំពោះការលើកឡើងរបស់សម្តេចតេជោ ហើយលោកនឹងយកទៅពិភាក្សានៅម៉ាកាវ។
បច្ចុប្បន្ន ចិនបានក្លាយជាប្រទេសទីមួយ ដែលមានការវិនិយោគធំជាងគេ ផ្តល់ជំនួយធំជាងគេ និងមានទេសចរណ៍ចិនច្រើនជាងគេ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញ លោក Ho Hou Wah ចូលរួមក្នុងវេទិការសេដ្ឋកិច្ចពិភពលោក ដែលនឹងធ្វើនៅកម្ពុជាឆ្នាំក្រោយនេះ៕