(ព្រៃវែង)៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បារាយណ៍ ក្រុងព្រៃវែង នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល វិសាមញ្ញរបស់គណបក្ស ប្រជាជនកម្ពុជា ក្រោមវត្តមានលោក ស៊ីន សារៈ ប្រធានគណៈកម្មាធិការគណបក្សក្រុង និងលោក ប៉ាវ សំអាង អនុប្រធានក្រុមការងារចុះជួយសង្កាត់បារាយណ៍តំណាងលោក អ៊ុក សិទ្ធជាតិ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងព្រៃវែង លោក គង់ ស៊ីថា អនុប្រធានក្រុមការងារចុះជួយសង្កាត់បារាយណ៍ ព្រមទាំងសមាជិក សមាជីកាសង្កាត់ជាច្រើនរូប។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានប្រកាសផ្ទេរលោក ញ៉ែម សៅគ្រី ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពពឹស ស្រុកស្វាយអន្ទរ ទៅជាអនុប្រធានក្រមការងារគណបក្សចុះមូលដ្ឋានក្រុងព្រៃវែង និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍ ក្រុងព្រៃវែងផងដែរ។
លោក ប៉ាវ សំអាង អនុប្រធានក្រុមការងារចុះជួយសង្កាត់បារាយណ៍ បានលើកឡើងថា អង្គសន្និបាតធ្វើការកត់សំគាល់ប្រកបដោយមោទនភាពចំពោះជោគជ័យ នៃដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។ ជោគជ័យនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំនយោបាយ នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដោយអនុវត្តរបបបោះឆ្នោតពហុបក្ស ជាប់តាមពេលវេលាកំណត់ រក្សាភាពចម្រុះ ខាងនយោបាយ គ្រប់ថ្នាក់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន។
លោក ប៉ាវ សំអាង បន្តថា សន្និបាតបានសម្ដែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ឃុំ សង្កាត់ ទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលប់ធ្វើឲ្យគណបក្សបានទទួលជ័យជំនះ ដល់ត្រចះត្រចង់ដោយទទួលបានសម្លេងគាំទ្រស្មើនឹង៧៤,៣២% នៃសំឡេងឆ្នោតបានការ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់៨០,៦៧% និងទទួលតំណែងជាមេឃុំចៅ សង្កាត់ ៩៩,៧៦%។
លោក ប៉ាវ សំអាង បន្តទៀតថា អង្គសន្និបាតបានគាំទ្រយ៉ាងពេញទំហឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីរក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងរក្សាអំណាចទិញរបស់ប្រាក់រៀលសំដៅរក្សាលំនឹងជីវភាព ប្រជាពលរដ្ឋ ក្នុងបរិការណ៍ ត្រូវទទួលរងសម្ពាធពីវិបត្តិប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍អន្តរជាតិ។ ជំរុញការអនុវត្តគោលនយោបាយគាំពារសង្គមជាពិសេសការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយសារជំងឺកូវីដ-១៩ ដំឡើងបៀវត្សរបស់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធការកែតម្រូវប្រាក់សោធននិវត្តន៍មន្ត្រីរាជការ និងអតីតយុទ្ធជនការអនុវត្តន៍ប្រាក់សោធនវិវត្តសម្រាប់កម្មករនិយោជិត ស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ និងដំឡើងប្រាក់ខែឈ្នួលអប្បបរមាដល់កម្មករនិយោជិត៕