(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអធិការកិច្ច នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អធិការកិច្ចបឋម ជំនាន់ទី៤ វគ្គ៣។
ពិធីនេះ ប្រព្រឹត្ដទៅក្រោមអធិបតីភាព លោកបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងលោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្រ្ដីរាជការជាច្រើនរូប។
វគ្គនេះ មានសិក្ខាកាមចូលរួមចំនួន ៤៥រូប មកពីក្រសួង ស្ថាប័នចំនួន ១០ រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណ: ក្រសួងទេសចរណ៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្នុងឱកាសនោះ លោកបណ្ឌិត ចាប សុថារិទ្ធ បានមានមតិសំណេះសំណាល និងបានលើកឡើងអំពីតម្លៃរបស់វិស័យអធិការកិច្ច ក្នុងចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព គណនេយ្យភាពនៃការដឹកនាំគ្រប់គ្រង អភិបាលកិច្ចល្អ និងយុត្តិធម៌សង្គម។
ទន្ទឹមនោះ លោកបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច បានសំដែងការស្វាគមន៍ និងសំណូមពរដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់រៀនសូត្រ និងចូលរួមគ្រប់សកម្មភាព ដើម្បីពង្រឹងសមត្ថភាពជំនាញ និងប្រើប្រាស់ជាប្រយោជន៍ដល់ការបំពេញការងារ ឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងអភិបាលកិច្ចល្អនៅកម្ពុជា៕