(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១៖០០ រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានដាក់កម្លាំងរនាំងការពារ ការហែក្បួនចេញពីគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចាក់អង្រែក្រោម ។ នេះបើតាមអធិការខណ្ឌមានជ័យ លោក តេង ស៊ីណូ ថ្លែងប្រាប់ Fresh News នៅមុននេះបន្តិច។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បានប្រកាសថា នឹងហែក្បួនជាមួយអ្នកគាំទ្រជាច្រើននាក់ ពីទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាសង្កាត់ចាក់អង្រែក្រោម ទៅកាន់ព្រះបរមរាជវាំង ដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ជុំវិញស្ថានភាពនយោបាយ និងការចាប់ខ្លួន លោក កឹម សុខា។
លិខិតរបស់សាលារាជធានីភ្នំពេញដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានការហែញត្តិ ទៅកាន់ព្រះបរមរាជវាំងនោះទេ ព្រោះអាចមានការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ។
លោក ប៉ា សុជាតិវង្ស បានថ្លែងប្រាប់នៅមុននេះបន្តិចថា អាជ្ញាធរប្រកាន់ជំហរដាច់ខាតមិនអនុញ្ញាត ឲ្យមានការដង្ហែញត្តិនោះទេ ប្រសិនបើមានបញ្ហាប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ នោះគណបក្សសង្គ្រោះជាតិ ជាអ្នកទទួលខុសត្រូវទាំងស្រុង៕