(កំពង់ធំ)៖ តម្រូវការសាច់សត្វព្រៃ និងផលិតផលសត្វព្រៃរបស់មនុស្សរស់នៅតំបន់ទីក្រុង សម្រាប់ភាពស៊ីវិល័យជាកត្តាជំរុញឱ្យការដាក់អន្ទាក់ដើម្បីចាប់សត្វព្រៃកើនឡើង ហើយបានបង្កហានិភ័យដល់ថនិកសត្វរស់នៅលើគោក ក្នុងតំបន់ប្រមាណជាង ៧០០ប្រភេទ ក្នុងនោះរួមមានសត្វសំខាន់ៗដែលជាប្រភេទកំពុងរងគ្រោះថ្នាក់បំផុតក្នុងតំបន់ដូចជាសត្វដំរីអាស៊ី សត្វខ្លាធំ សត្វទន្សោង និងរមាំងជាដើម។
ការដាក់អន្ទាក់បានក្លាយជាវិបត្តិ និងបង្កហានិភ័យធ្ងន់ធ្ងរដល់សត្វព្រៃដែលកំពុងរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាបង្កហានិភ័យនៃការចម្លង មេរោគពីសត្វទៅមនុស្សថែមទៀតផង។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានឱ្យដឹងថា តាមរយៈយុទ្ធនាការនេះបានធ្វើឱ្យម្ចាស់ភោជនីយដ្ឋានចំនួន៤៧កន្លែង បានប្រកាសចូលរួមបញ្ឈប់លក់ និងធ្វើម្ហូបពីសាច់សត្វព្រៃទៅដល់អតិថិជន ពិសេសបានផ្តល់ចំណេះដឹង និងការយល់ដឹងដល់សាធារណៈជន ក្នុងការចូលរួមបញ្ឈប់ទទួលទានសាច់ សត្វព្រៃគ្រប់រូបភាព។
បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានថ្លែងថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។
លោក នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «ធនធានធម្មជាតិអាចអាចរីកលូតលាស់បានដោយគ្មានមនុស្ស ប៉ុន្តែ មនុស្សមិនអាចរស់នៅបានដោយគ្មានធនធានធម្មជាតិនោះឡើយ ដូច្នេះ គឺទាមទារឱ្យយកចិត្តទុកដាក់លើរឿងនេះ»។
មន្ត្រីនាំពាក្យរូបនេះ បានបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យ បានចាប់ផ្តើមឡើងរយៈពេល៥ខែហើយ ដោយបានមើលឃើញលទ្ធផលវិជ្ជមានជាច្រើនរួមមានទី១៖ ការយល់ដឹងរបស់សាធារណជន ពីផលប៉ះពាល់នៃអន្ទាក់, ទី២៖ ចូលរួមការកាត់បន្ថយការហូបសាច់សត្វ, ទី៣៖ ទទួលដឹងថា សាច់សត្វអាចផ្ទុកមេរោគដែលប៉ះពាល់ដល់សុខភាព ដែលវាមិនមែនជាថ្នាំប៉ូវ ឬថ្នាំជំនួយសុខភាពទេ និងទី៤៖ ធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងពីយុទ្ធនាការអន្ទាក់សូន្យ មានគោលបំណងសំខាន់ ក្នុងការធ្វើឱ្យជីវចម្រុះ មានសុវត្តិភាពជាដើម។
បើតាមអ្នកនាង មាស សុខសោភា ជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបនៅកម្ពុជា បានលើកឡើងថា ទាក់ទងកិច្ចការពារធនធាន ធម្មជាតិនេះ អ្នកនាងបានបង្កើត Meas Soksophea Heart Foundation កាលពីឆ្នាំ២០១០ ដើម្បីជួយលើការអភិរក្ស។ អ្នកនាងសប្បាយចិត្តដែលបានចូលរួមជាផ្នែកមួយនៃយុទ្ធនាការនេះ ហើយនឹងខិតខំបន្តទៀត ទៅតាមសកម្មភាពដូចជាការផលិត MV និងបង្កើតជាមាតិកាបង្ហោះនៅលើបណ្តាញសង្គម។
«ព្រោះវាជាការស្រឡាញ់ ហើយខ្ញុំចង់ឱ្យហ្វេនៗ បងប្អូនខ្មែរដាក់ចិត្តស្រឡាញ់ធម្មជាតិសត្វព្រៃ ប្តូរឥរិយាបថ មកធ្វើរឿងដែល ល្អៗជួយដល់សង្គមជាតិ និងផ្សព្វផ្សាយឱ្យសាធារណៈជន ជាពិសេសផ្តើមពីអ្នកគាំទ្រអ្នកនាង នៅតាមបណ្តាញសង្គម និងរូបភាពផ្សងៗទៀត ឱ្យយល់ដឹងពីតម្លៃមិនអាចកាត់ថ្លៃបាននៃធនធានធនធ្មជាតិ និងសត្វព្រៃ»។ នេះជាការប្តេជ្ញាចិត្តរបស់អ្នកនាង មាស សុខសោភា។
តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរបស់កម្ពុជារូបនេះ ក៏មានគម្រោងកៀរគរអ្នកគាំទ្ររបស់ខ្លួន ឱ្យចូលរួមយុទ្ធនាការអភិរក្សធនធានធម្មជាតិទ្រង់ទ្រាយធំនៅពេលខាងមុខ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានាជាដើម។
លោក សេក ប៊ុនរ៉ា តំណាងអង្គការអភិរក្សអន្តរជាតិប្រចាំកម្ពុជា (CI) បានថ្លែងថា អង្គការរបស់លោកបានធ្វើកិច្ចការងារអភិរក្សធនធាធនធម្មជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាង២០ឆ្នាំមកហើយ ដោយបានធ្វើសកម្មភាពនៅតាមតំបន់ចំនួន៤ធំៗ រួមមាន៖ តំបន់ជួរភ្នំក្រវាញ់ភាគកណ្តាល, តំបន់បឹងទន្លេសាប, តំបន់ព្រៃឡង់ និងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង លើផ្ទៃដីជាង១លានហិកតា។
លោកបានបន្តថា តាមរយៈកម្មភាពចូលរួមការពារធនធានធម្មជាតិ និងសត្វព្រៃនៅកម្ពុជា អង្គការ CI បានធ្វើការជាប់ជាមួយមន្ត្រីឧទ្យានុរក្ស ដោយក្នុងនោះគឺបានគាំទ្រដល់មន្ត្រីឧទ្យានុរក្ស ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនក្នុងតំបន់ទាំង៤ ដើម្បីផ្តល់ឱ្យកាសក្នុងការចុះល្បាត រួមទាំងការដោះអន្ទាក់ពីក្នុងព្រៃ។ អង្គការបានធ្វើការជាមួយសហគមន៍មូលដ្ឋាន ដោយបានលើកទឹកចិត្តផ្លាស់ប្តូរឥរិយាបថ ប្រជាពលរដ្ឋឱ្យចូលរួមអភិរក្សធនធានធម្មជាតិ និងការផ្តល់មុខរបរតាមរយៈអេកូទេសចរណ៍ជាដើម។
តំណាងអង្គការ CI រូបនេះ បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមទាំងអស់គ្នា ជាមួយអង្គការធ្វើការងារអភិរក្ស និងរាជរដ្ឋាភិបាលធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ សត្វព្រៃ តាមរយៈការចូលរួមដោះអន្ទាក់ និងឆ្លើយថាទេ ចំពោះការហូបសាច់សត្វព្រៃទាំងអស់គ្នា»។
ដោយឡែកលោក ចន្ថា ណាសាក់ មន្ត្រីកម្មវិធីប្រភេទសត្វបង្គោលនៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ប្រចាំកម្ពុជា ហៅកាត់ FFI បានឱ្យដឹងថា សត្វព្រៃ និងមនុស្សកំពុងនឹងប្រឈមនឹងអន្ទាក់នៅតាមតំបន់ការពារធនធានធម្មជាតិ។ អន្ទាក់មិនត្រឹមតែជាឃាតកសម្លាប់ជីវិតសត្វព្រៃតូចៗនោះទេ ប៉ុន្តែ សូមតែសត្វដំរីដែលមានមាថធំក៏ត្រូវជាប់អន្ទាក់ផងដែរ បើយោងតាមការសិក្សានៅតាមតំបន់ជួរភ្នំក្រវាញ គឺយ៉ាងតិចមានកូនដំរីព្រៃចំនួន៣ក្បាល ត្រូវបានជាប់អន្ទាក់ រហូតពិការជើង។
លោក ចន្ថា ណាសាក់ បានទទូចបន្ថែមឱ្យចូលរួមផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធឱ្យបញ្ឈប់ការដាក់អន្ទាក់ បរបាញ់សត្វព្រៃ យើងទាំងអស់គ្នាត្រូវឈប់បរិភោគសាច់សត្វព្រៃ ខណៈសាច់សត្វព្រៃមិនដឹងថា វាបរិភោគអ្វីខ្លះនោះទេ ដូច្នេះ សាច់សត្វព្រៃគឺពោលពេញទៅដោយមេរោគកាចសាហាវជាច្រើននៅក្នុងខ្លួន។
«យើងរួមគ្នាថែរក្សា ការពារអភិរក្សព្រៃឈើ ដែលជាផ្ទះរបស់សត្វព្រៃ ក៏ដូចជាមនុស្សផងដែរ»។ នេះជាអំពាវនាវបន្ថែមរបស់លោក ចន្ថា ណាសាក់។
លោក ឈិត សំអាត តំណាងទីភ្នាក់ជំនួយរបស់អាមេរិក USAID បានថ្លែងថា យើងរួមគ្នាមិនបរិភោគសាច់សត្វព្រៃទាំងអស់គ្នា នឹងលុបបំផ្លាញអន្ទាក់ចាប់សត្វព្រៃ និងលុបបំបាត់ការបរបាញ់សត្វព្រៃគ្រប់ប្រភេទ។
សូមជម្រាបថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូ បានបើកយុទ្ធនាការអន្ទាក់សូន្យ រយៈពេល៦ខែ នៅតាមបណ្តាខេត្តចំនួន៦រួមមាន៖ ខេត្តស្ទឹងត្រែង, ព្រះវិហារ, ក្រចេះ, មណ្ឌលគិរី, កំពង់ធំ និងខេត្តរតនគិរី។ រហូតមកពេលនេះយុទ្ធនាការអន្ទាក់សូន្យបានធ្វើឡើងចំនួន៥ខេត្តរួចមកហើយ។ ក្នុងនោះយុទ្ធនាការនេះបានធ្វើឡើងនៅខេត្តកំពង់ធំ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ដែលជាខេត្តគោលដៅទី៥ និងមានអ្នកចូលរួមរាប់រយនាក់៕