(សៀមរាប)៖ សៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជូនសាធារណជន ខណៈអ្នកនិពន្ធសៀវភៅនេះបានទម្លាយថា មុនជ្រើសរើសចំណងជើង «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» បែបនេះ លោកបានប្រឹងប្រែងសង្កេតទៅលើបុគ្គលិកលក្ខណៈ បំណងប្រាថ្នា និងចក្ខុវិស័យរបស់តួអង្គ ដោយចំណាយពេលដល់ទៅ៨ឆ្នាំ។ ហេតុអ្វីបានជាអ្នកនិពន្ធជ្រើសរើសយកចំណងជើងនេះ?
គួរជម្រាបថា សៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី ត្រូវបាននិពន្ធដោយអ្នកកាសែតដ៏ល្បីមួយរូប គឺលោក លាង ដឺលុច ដែលបច្ចុប្បន្នជាអគ្គនាយកនៃសារព័ត៌មានអេឡិចត្រនិកថ្មីៗ ក្នុងគោលបំណងឆ្លុះបញ្ចាំងពីជីវប្រវត្តិ ការសិក្សា បេសកកម្មការងារ ឆន្ទៈ និងចក្ខុវិស័យទៅថ្ងៃអនាគតរបស់លោក ហ៊ុន ម៉ានី។ លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ពោលគឺបន្ទាប់ពីលោក ហ៊ុន ម៉ានិត ។ បច្ចុប្បន្នលោក ម៉ានី គឺជាអ្នកនយោបាយវ័យក្មេង ជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
ក្នុងវេទិកាពិភាក្សាអំពីសៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី ដែលធ្វើឡើងនៅផ្សារទំនើបហឺរីថេក ក្រុងសៀមរាប នាពេលថ្មីៗនេះ មានសំណួរចោទសួរថា ហេតុអ្វីបានជាអ្នកនិពន្ធ លាង ដឺលុច ប្រើពាក្យ «ក្ដីសង្ឃឹម» ផ្សំជាចំណងជើងនៅលើសៀវភៅនេះ?
ជាការឆ្លើយតប លោក លាង ដឺលុច បានឱ្យដឹងថា អ្វីដែលកើតឡើងជាសមិទ្ធផលចុងក្រោយនេះ គឺកើតឡើងពីការសង្កេតរបស់លោក មុនលោកប្រកាសផ្លូវការថាចង់សរសេរសៀវភៅអំពីលោក ហ៊ុន ម៉ានី នៅអំលុងឆ្នាំ២០១៤។ រហូតដល់ឆ្នាំ២០២២ ទើបសៀវភៅក្ដីសង្ឃឹម ហ៊ុន ម៉ានី នេះ ត្រូវបានបោះពុម្ភជាលើកដំបូង។
ម្ចាស់វណ្ណកម្មសៀវភៅបានថ្លែងថា «នៅពេលដែលខ្ញុំសង្កេតតាំងពីឆ្នាំ២០១៤មកនោះ ជាសកម្មភាព ជាចក្ខុវិស័យ ជាគំនិតផ្តួចផ្តើម និងអ្វីទាំងអស់របស់លោក ហ៊ុន ម៉ានី ខ្ញុំមើលឃើញពាក្យក្ដីសង្ឃឹមនេះជាពាក្យដែលត្រឹមត្រូវ ដែលលោក ហ៊ុន ម៉ានី ផ្ដោតខ្លាំងតែម្ដង»។
លោកបានសង្កត់ធ្ងន់ថា ក្ដីសង្ឃឹមនេះមិនមែនជាក្ដីសង្ឃឹមធម្មតានោះទេ អ្វីទាំងអស់ដែលលោក ហ៊ុន ម៉ានី ខិតខំពុះពារធ្វើនាពេលកន្លងមកនិងទៅអនាគត គោលដៅចុងក្រោយគឺដើម្បីជាតិនិងប្រជាជនកម្ពុជាជាចម្បង ពោលគឺលោក ហ៊ុន ម៉ានី ចង់ឃើញវិបុលភាពរបស់ប្រទេសជាតិ ចង់ឃើញភាពរុងរឿងរបស់ប្រជាជន ក្នុងនាមជាយុវជនជំនាន់ក្រោយ ក្នុងនាមជាអ្នកនយោបាយបន្តវេន។ ប៉ុន្តែដើម្បីសម្រេចក្ដីសង្ឃឹមទាំងនេះ លោក ហ៊ុន ម៉ានី ខ្លួន ឯង ត្រូវតែចិញ្ចឹមថែរក្សាក្ដីសង្ឃឹមក្នុងចិត្តរាល់ថ្ងៃជាប្រចាំ ដើម្បីបន្តការងារឆ្ពោះទៅថ្ងៃអនាគត។
លោក លាង ដឺលុច ក៏បានបង្ហាញនូវប្រយោគចុងក្រោយនៃបុព្វកថាសៀវភៅថា៖ «ក្ដីសង្ឃឹម» គឺជាអារម្មណ៍សុទិដ្ឋិនិយមដែលនឹងផ្ដល់ទាំងកម្លាំងកាយ និងកម្លាំងចិត្តឱ្យដើរទៅមុខជានិច្ច បន្តបង្កើតសមិទ្ធិជាដរាបដោយមិនបាក់ទឹកចិត្ត។ «ក្ដីសង្ឃឹម» គឺជាវិបុលភាពនៃជាតិ និងអភិមង្គល (សេចក្ដីចម្រើនឧត្តម) របស់ប្រជាជន ដែលលោក ហ៊ុន ម៉ានី ចង់ឃើញជាចម្បង។ លោក ហ៊ុន ម៉ានី ខ្លួនឯងត្រូវតែមានក្ដីសង្ឃឹម ដើម្បីសម្រេចក្ដីសង្ឃឹមរបស់លោក។
លោក លាង ដឺលុច បានសារភាពថា ក្រៅពីចំណងជើង «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ក៏មានចំណងជើងមួយទៀតដែលលោកសម្រេចចិត្តមិនជ្រើសរើស។ លោកថា លោក ហ៊ុន ម៉ានី ជាកូនរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាអ្នកជំនាន់ក្រោយ ជាអ្នកនយោបាយបន្តវេន ដែលជ្រើសរើសឪពុកជាគំរូ។ លោក ហ៊ុន ម៉ានី យល់ពីបំណងប្រាថ្នារបស់ឪពុក ដូច្នេះនៅពេលដែលបានជួបសម្ភាសន៍ជាមួយលោក ហ៊ុន ម៉ានី ច្រើនដងទៅ ក៏បានផុសឡើងនូវចំណងជើងមួយទៀត គឺ «ការបន្តបេសកកម្មពុក»។ តែលោក លាង ដឺលុច នៅតែយល់ថាទោះបីជាបន្តបេសកកម្មពីសម្ដេចតេជោដែលជាឪពុកក៏ដោយ គឺនៅតែត្រូវសម្រេចនូវក្ដីសង្ឃឹមចុងក្រោយ នោះគឺវិបុលភាពរបស់ជាតិ និងអភិមង្គលរបស់ប្រជាជន។ ដូច្នេះហើយទើបលោក លាង ដឺលុច សម្រេចចិត្តយកពាក្យ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ធ្វើជាចំណងជើងតែម្ដង ម្យ៉ាងឃ្លានេះខ្លីក្ដោបរួមផងដែរ។
មិត្តអ្នកអានគ្រប់គ្នានឹងយល់ថា ញើសឈាមដែលហូរស្រក់ក្នុងបេសកកម្មរបស់លោក ហ៊ុន ម៉ានី ក្នុងនាមជាយុវជនជំនាន់ក្រោយ ក្នុងនាមជាអ្នកនយោបាយបន្តវេន ជាអ្នកនយោបាយ ជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គឺ «ដើម្បីជាតិនិងប្រជាជនកម្ពុជា»៕