(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់គណបក្សសង្រ្គោះជាតិ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនៃរដ្ឋសភា បានអះអាងថា រដ្ឋសភា បានអនុវត្តយ៉ាងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ចំពោះការបោះឆ្នោតសម្រេចឱ្យតុលាការ និងសមត្ថកិច្ចបន្តនីតិវិធី ចំពោះករណីលោក កឹម សុខា។
ប្រតិកម្មរបស់ អគ្គលេខាធិការនៃរដ្ឋសភានេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ប្រកាសនៅលើទំព័រ Facebook របស់លោកនៅព្រឹកថ្ងៃចន្ទនេះថា រដ្ឋសភាបានរំលោភរដ្ឋធម្មនុញ្ញ ដែលឱ្យតុលាការចាត់ការលើ លោក កឹម សុខា។
លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទល្មើសមិនចូលខ្លួន តាមការកោះហៅរបស់តុលាការ ក្នុងមាត្រា៥៣៨ នៃច្បាប់ព្រហ្មទណ្ឌ ប្រទេសកម្ពុជា បន្ទាប់ពីលោកមិនចូលខ្លួន ក្នុងនាមជាសាក្សីចំនួន២លើក ពាក់ព័ន្ធនឹងបទសញ្ជាកម្ម៕