(ត្បូងឃ្មុំ)៖ មន្រ្តីនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សម្រាប់ករណីប្លន់នៅផ្ទះប្រជាពលរដ្ឋ រកស៊ីលក់ឈើ និងផ្ទេរប្រាក់Wing ស្ថិតនៅភូមស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីយប់មិញនោះ ក្រុមចោរបានប្លន់យក គ្រឿងអលង្ការមួយចំនួនធំ ប៉ុន្តែសម្រាប់ជនរងគ្រោះ ជាម្ចាស់ផ្ទះវិញ បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែក្រុមចោរមិនបានបាញ់គ្រាន់តែចាប់ចង និងគំរាមបាញ់ប៉ុណ្ណោះ។ មន្រ្តីនគរបាលបានបញ្ជាក់ថា សម្រាប់ក្រុមចោរវិញមានគ្នា៤នាក់ ប្រដាប់ដោយកាំភ្លើងចំនួន៣ដើម រួមមាន AKកំបុតស្វាយ០១ដើម និងខ្លី០២ដើម។
មន្រ្តីនគរបាលបានបន្តទៀតថា «ករណីប្លន់នេះស្ថិតនៅផ្ទះជនរងគ្រោះឈ្មោះ ស៊្រី សុផល ភេទប្រុស អាយុ៤៩ឆ្នាំ បង្កដោយជនសង្ស័យចំនួន០៤នាក់ មិនស្គាល់អត្តសញ្ញាណអាវុធចំនួន០៣ដើម ហើយជនសង្ស័យពាក់ម៉ាស់ទាំង០៤នាក់ បានធ្វើសកម្មភាពចូលប្លន់ ផ្ទះជនរងគ្រោះខាងលើ ដោយភ្ជង់គំរាមបាញ់ម្ចាស់ផ្ទះ និងចងម្ចាស់ផ្ទះហើយវាយទៅលើឈ្មោះ ស៊ុយ វន្នី ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ ស្រ៊ី សុផល»។ បន្ទាប់មកជនសង្ស័យទាំង០៤នាក់ បានធ្វើសកម្មភាពចូលក្នុងបន្ទប់យកញញួរ និងដែកគាស់ វាយទូរដែកយកប្រាក់មួយចំនួន ទូរស័ព្ទចំនួន០៣គ្រឿង ម៉ាកiPhone ០១គ្រឿង ទូរស័ព្ទម៉ាកSamsung ចំនួន០២គ្រឿង ខ្សែកចំនួន០២ខ្សែមាស ទំងន់០៥ជី ខ្សែកផ្លាកទីន ០១ខ្សែ ទំងន់០៥ជី ផ្លាកដៃមាសវ០១ខ្សែ ទំងន់០៥ជី ចិញ្ចៀនត្រាចំនួន០១វង់ ទំងន់០២ដំឡឹង និងកងដៃផ្លាកទីនចំនួន២១កង ទំងន់០១ដំឡឹង។ សម្រាប់ករណីប្លន់នេះ កម្លាំងសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថបាន និងកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ដើម្បីតាមបង្ក្រាបក្រុមចោរប្លន់៕