(បន្ទាយមានជ័យ)៖ គ្រួសារក្រីក្រមួយ ដែលទើបនឹងកើតបានកូនភ្លោះស្រី៣នាក់ រស់នៅតាមផ្លូវជាតិលេខ ៥ ជិតរង្វង់មូលស្រីគ្រប់លក្ខណ៍ ស្ថិតក្នងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២២នេះ បានទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនាំយកទៅប្រគល់ ជូនដោយលោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងលោកស្រី ផ្ទាល់ដៃ រួមមាន៖ ទឹកដោះគោកូនក្មេង២កេស, អង្ករ១បាវ, ៥០គីឡូ, ថវិកា៥,០០០,០០០រៀល ស្កសរ៥គីឡូ, សារុង២ ក្រមា២។
ក្នុងនោះ ក៏មានការចូលរួម លោក លីសុវណ្ណ អភិបាលរងខេត្តបន្ទាយមានជ័យ, លោក ឈឿន គ្រៃយ៉ុង នាយករដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ធ ប្រធានមន្ទីរដែនដី នគរូបនីយកម្ម ខេត្តបន្ទាយមានជ័យ, លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត, លោកស្រី ឆាត សុជា ចៅសង្កាត់ព្រះព្រះពន្លា សមាជិកក្រុមប្រឹក្សាសង្កាត់ព្រះពន្លា និងអ្នកអមដំណើរជាច្រើននាក់ទៀត។
ឪពុក-ម្តាយ កូនភ្លោះទាំងនោះ៖ ឪពុកមានឈ្មោះ ចាន់សុភាព សព្វថ្ងៃជាបុគ្គលិកស៊ីឈ្នួល របស់ក្រុមហ៊ុនឯកជនមួយ និងម្តាយឈ្មោះ ឆៃ ស្រីរ័ត្ន មុខរបរសព្វថ្ងៃ ជាមេផ្ទះ គាត់មានកូន៤នាក់ កូនទី១ ប្រុស សព្វថ្ងៃមានអាយុ ២ឆ្នាំ២ខែ រីឯកូនភ្លោះទាំងស្រីទាំង៣, កូនស្រីទី១៖ ឈ្មោះ ឡាងសុដាលី LANG SO DALI ទម្ងន់១.៦គីឡូក្រាម, កូនស្រីទី២៖ ឈ្មោះ ឡាងសុដាលីន LANG SO DALIN ទម្ងន់១.៥គីឡូក្រាម កូនស្រីទី៣៖ ឈ្មោះ ឡាង សុដាលីស LANG SO LIS. ទម្ងន់១.៦kg បច្ចុប្បន្នរស់នៅបន្ទប់របស់ក្រុមហ៊ុនឲ្យនៅ។
តាមការអះអាងរបស់ឪពុក-ម្តាយ បានប្រាប់ឲ្យដឹងថា កូនស្រីទាំង៣របស់គាត់ កើតនៅថ្ងៃទី១៣រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី អង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង ១៥៖៣០នាទី សម្រាលដោយធ្វើការវះកាត់នៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផា ខេត្តសៀមរាប ពេលចាប់ផ្តើមពរពោះដូចកូនទី១ដែរ។ មុននឹងមានកូនភ្លោះស្រី៣នាក់ ដែលជាចៅសម្តេចតេជោ ហ៊ុន សែន គឺពួកគេមានកូនប្រុសម្នាក់អាយុជា២ឆ្នាំមកហើយ។
ឆ្លៀតក្នុងឱកាសនោះ លោក សេង ទៀង បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចទាំងពីរ ជូនដល់ក្រុមគ្រួសារ កូនភ្លោះស្រី៣ ក្នុងនោះ លោកបានណែនាំឲ្យឪពុកម្តាយថែទាំងកូនភ្លោះទាំង៣នេះ ដែលជាចៅធម៌របស់សម្តេចឲ្យបានល្អ ដែលនេះជាកូនភ្លោះ៣ ចៅសម្តេច លើកទី៣៨៩ គ្រួសារផងដែរ។
ដោយឡែក ក្រុមគ្រួសារមានកូនភ្លោះ៣ និងប្រជាពលរដ្ឋដែលចូលរួមពិធីនេះ ក៏បានបង្ហាញអំពីទឹកចិត្តរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកនឹងជីវភាពប្រជាពលរដ្ឋ និងតែងតែឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលខ្វះខាតជាបន្តបន្ទាប់កន្លងមក៕