(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារជូនពរ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដ៏មហាជ័យមង្គលចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
ក្នុងសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូចតទៅ៖
«លោកជំទាវ ជាទីរាប់អាន
ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ លោកជំទាវ គម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ខ្ញុំ និងភរិយាសូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនលោកជំទាវកិតិ្តសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ ។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកជំទាវ ដែលបានរួមចំណែកយ៉ាងធំធេងក្នុង បុព្វហេតុបម្រើប្រទេសជាតិ ។ លោកជំទាវជាថ្នាក់ដឹកនាំមួយរូបពោរពេញទៅដោយគុណធម៌ និងគំរូវីរភាព ដ៏ប្រពៃ ហើយតែងតែខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី ការពារអត្តសញ្ញាណជាតិ ប្រពៃណី ទំនៀមទំលាប់ និង វប្បធម៌ដ៏ល្អផូរផង់ និងបានចូលរួមគ្រប់សកម្មភាពក្នុងទិសដៅបម្រើឧត្តមប្រយោជន៍ជាតិ និងសុខុមាលភាព ប្រជាជន។
ជាថ្មីម្ដងទៀត ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទាន ពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់លោកជំទាវ និងកូនប្រុស កូនស្រី ចៅប្រុស ចៅស្រីទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមលោកជំទាវកិត្តិសង្គហបណ្ឌិត ទទួលនូវការរាប់អានអំពីខ្ញុំ និងភរិយា»៕