(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបច្ចុប្បន្ននេះបើយើងពិនិត្យមើលអំពីគោលនយោបាយចិនតែមួយស្ដីពី «កោះតៃវ៉ាន់» រវាងចិននិងអាមេរិក ដែលមានប្រវត្ដិតាំងពីទសវត្សឆ្នាំ១៩៧០ គឺមកដល់សម័យមហាយក្សចិនលោក ស៊ី ជិនពីង Xi JinPing នេះ កំពុងហ៊ុព័ទ្ធ និងរារំាងដោយនយោបាយអាមេរិករបស់លោក ចូ បៃដិន Joe Bidenទៅវិញ។ ព្រោះក្នុងគំនិតប្រវត្តិសាស្រ្តនយោបាយរបស់អាមេរិកយល់ថាការគ្រប់គ្រងជម្លោះនៅក្នុងសង្គ្រាមបង្ហូរឈាមរវាងប្រជាជាតិមួយនិងប្រជាជាតិមួយ គឺជាផលប្រយោជន៍ដើម្បីសន្តិភាពរបស់ប្រទេសខ្លួន។
បច្ចុប្បន្នគំនិតនយោបាយទីក្រុងវ៉ាស៊ីនតោននេះ បាននិងកំពុងអនុវត្ដលើទីក្រុងប៉េកាំងស្តីពី «តម្រូវការសម្រាប់សម្ព័ន្ធមិត្តនិងសម្ព័ន្ធមិត្តដើម្បីហ៊ុព័ទ្ធគោលនយោបាយចិនតែមួយ»។
លោក រត្ន័ សណ្ដាប់ បានថ្លែងថាហេតុនេះចំពោះស្ថានភាពនយោបាយពិភពលោក ដែលកំពុងពុះកញ្ជ្រោល បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេទ្បូស៊ី-Nancy Pelosi ប្រធានសភាអាមេរិកទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតក្រោមទង់ទ័ព ដែលពុំធ្លាប់មានក្នុងប្រវត្ដិទំនាក់ទំនងការទូតនេះ។ បើពិនិត្យចំពោះដំណើរទស្សនកិច្ចនេះ គឺពុំមែនឆ្លុះបញ្ចាំងអំពីអំណាចនីតិបញ្ញត្ដិរដ្ឋសភានោះទេ តែផ្ទុយទៅវិញគឺជាការឆ្លុះបញ្ចាំងអំពីគោលនយោបាយការបរទេសអាមេរិក ក្នុងការប្តេជ្ញាចិត្តបង្ហាញនូវសក្តានុពលយោធារបស់ខ្លួននៅអាស៊ីដើម្បីទប់ឥទ្ធិពលចិនទៅវិញ។
បើពោលឲ្យចំៗទៅដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នេះ គឺឆ្លុះបញ្ចាំងអំពីគោលនយោបាយការបរទេសអាមេរិកយ៉ាងច្បាស់ថា «ប្រសិនបើអាមេរិកបោះបង់ចោលតៃវ៉ាន់ គឺជាទីបញ្ចប់នៃឥទ្ធិពលរបស់ខ្លួននៅអាស៊ីក៏ដូចក្នុងពិភពលោកទាំងមូល»។ ព្រោះធ្វើឲ្យសម្ព័ន្ធមិត្ដអាមេរិកទាំងអស់នៅក្នុងតំបន់អាស៊ី មានកូរ៉េខាងត្បូង ជប៉ុន ថៃ ហ្វីល្លីពីន ជាដើម ដែលមានសន្ធិសញ្ញាទ្វេភាគីជាមួយអាមេរិក បើកភ្នែកធំៗហើយភ្ញាក់ចុមយក្ស! គឺអាមេរិកពុំជួយការពារពួកគេទេ។
លោក រត្ន័ សណ្ដាប់ បញ្ជាក់ថាដូចនេះស្ថិតក្នុងល្បែងភូមិសាស្រ្ដនយោបាយបច្ចុប្បន្ននេះ បើចិនបង្រួបបង្រួមកោះតៃវ៉ាន់ គឺ៖
ទី១៖ ចិននឹងក្លាយជាមហាអំណាចកំពូលសេដ្ឋកិច្ចទី១ លើពិភពលោក ព្រោះសព្វថ្ងៃ ចិនកំពុងបាត់បង់ដៃឆ្វេងម្វាងគឺតៃវ៉ាន់។
ទី២៖ សញ្វាវុធព្រមទាំងបច្ចេកវិជ្ជាសព្វាវុធទំនើបៗរបស់អាមេរិកដែលលក់ឲ្យតៃវ៉ាន់គឺនឹងក្លាយទៅជារបស់ចិន។
បានសេចក្ដីថាចំពោះការប្រកួតប្រជែងដណ្ដើមមហាអំណាចរវាងអាមេរិកនិងចិនសព្វថ្ងៃ បើចិនបូកហុងកុង និងកោះតៃវ៉ាន់ ទៀតដែលមានប្រជាជន២៣លាននាក់ ដែលពុំមែនជាកោះតូចតាច និងមានសេដ្ឋកិច្ចលូតលាស់ខ្លំាង ព្រមទាំងមានសព្វាវុធបច្ចេកវិជ្ជាទំនើបៗពីសហរដ្ឋអាមេរិកនោះ គឺចិននឹងក្លាយជាមហាអំណាចកំពូលសេដ្ឋកិច្ចទី១លើពិភពលោក។
ដូច្នេះចំពោះល្បែងភូមិសាស្រ្ដនយោបាយ គេត្រូវស្វែងយល់អំពីប្រវត្តិសាស្ត្រនៃការបែកបាក់និងការបង្រួបបង្រួមរវាងប្រជាជាតិចិននឹងចិន និងផ្តល់នូវការយល់ដឹងប្រសើរជាងអ្វីដែលទាញចេញពីប្រវត្តិនៃការបែកបាក់និងការគ្រប់គ្រងនៅអឺរ៉ុប៕