(ក្រចេះ)៖ កម្លាំងផ្នែកជលផលព្រែកប្រសព្វ និងមន្ត្រីខណ្ឌជលផលក្រចេះ ដឹកនាំដោយលោក ម៉ុក់ ពន្លក នាយខណ្ឌជលផលក្រចេះ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានសហការជាមួយគណៈបញ្ជាការឯកភាពស្រុកឆ្លូង និងសហគមន៍នេសាទ ចុះត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផលនៅចំណុចបឹងឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ម៉ក់ ពន្លក នាយខណ្ឌ័ជលផលក្រចេះ បានឲ្យដឹងថា ការចុះបង្រ្កាបបទល្មើសជលផលនេះ ដោយកម្លាំងបានធ្វើការរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទល្មើសច្បាប់មួយចំនួនរួមមាន៖ របាំងស្បៃមុង ចំនួន៣៥ខ្សែ ប្រវែង២១០០ម៉ែត្រ, លូស្បៃមុងចំនួន៤១មាត់លូ, របាំងណរ៉ាវ១ខ្សែ ប្រវែង១៥០ម៉ែត្រ, ក្រលា៣ស, លបរ៉ាវចំនួន២គ្រឿង, បង្គោលចម្រឹងឫស្សីឃ្លៃចំនួន៥៦០ដើម និងចាក់លែងត្រីចម្រុះ ចូលបឹងធម្មជាតិប្រហែល ២០០គីឡូក្រាម។
លោក ម៉ុក់ ពន្លក បានបញ្ជាក់ទៀតថា ក្នុងនាមសមត្ថកិច្ចជំនាញ សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ កុំឲ្យពួកគាត់ប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាឆក់ ស្បៃមុង ដែលបំផ្លាញធនធានជលផលធ្ងន់ធ្ងរ ជាពិសេសរដូវនេះជារដូវត្រឹពង សូមឲ្យបងប្អូននេសាទជាលក្ខណៈគ្រួសារ ដើម្បីរក្សាធនធានឲ្យមាននិរន្តភាពសម្រាបបច្ចប្បន្នទៅអនាគត ហើយសូមប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ជួយផ្ដល់ព័ត៌មានស្ដីពីបទល្មើសជលផលដើម្បីឲ្យសមត្ថកិច្ចជលផល និងអាជ្ញាធរពាក់ព័ន្ធចុះបង្រ្គាបទាន់ពេលវេលា៕