(ភ្នំពេញ)៖ សមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ដឹកនាំដោយលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា និងលោក Justin តំណាងមកពីសហរដ្ឋអាម៉េរិកនិងសហការី បាននាំយកអំណោយជាច្រើនប្រគល់ជូនបញ្ជាការដ្ឋានទ័ពពិសេសឆត្រយោង៩១១ ដែលដឹកនាំទទួលដោយឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការនៃបញ្ជាការដ្ឋានទ័ពពិសេសឆត្រយោង៩១១ ដើម្បីទុកប្រើប្រាស់តាមតម្រូវការ។
ថ្លែងនាឱកាសទទួលអំណោយ នាថ្ងៃទី១៣ សីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ចាប ភក្តី ក៏បានលើកឡើងពីសកម្មភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានព្រមទាំងការចូលរួមរបស់ស្ថាប័នអង្គភាព អង្គការ សមាគម និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសក្នុងពេលកន្លងមក។
លោកឧត្តមសេនីយ៍ឯក ចាប ភក្តី បានបញ្ជាក់ដែរថា ការជួយឧត្ថម្ភដល់បញ្ហាការដា្ឋនទ័ពពិសេស នាពេលនេះគឺជាកាយវិការប្រកបដោយសប្បុរសធម៌ និងជាគុណូបការៈ ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងចលនាជួយទ្រទ្រង់ កសាងអភិវឌ្ឍន៍ដល់បញ្ហាការដ្ឋានទ័ពពិសេសឆត្រយោង៩១១។
លោក មែ ស៊ីថុន បានឱ្យដឹងដែរថា សមាគមអតីតសិស្សនិស្សិតនៅកម្ពុជា នាពេលកន្លងមកបានធ្វើសកម្មភាពជួយដល់សង្គមដូចជា ជួយឧបត្ថមកង់ដល់កុមារដែលខ្វះខាតបំផុតចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស ដាំកូនឈើតាមសាលារៀន និងតាមទីវត្តអារាមនានា នៅជនបទព្រមទាំងសកម្មភាពមនុស្សសធម៌ជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ដែរថា អំណោយដែលបានឧបត្ថម្ភដល់ បញ្ជាការដ្ឋានទ័ពពិសេសឆត្រយោង៩១១ រួមមាន៖ អង្ករចំនួន១តោន ត្រីខ ២០កេស និងមី២០០កេស សរុបជាទឹកប្រាក់ប្រមាណ៣៥០០ដុល្លារ៕