(កំពង់ឆ្នាំង)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំសមាជិកសមាជិកា នៃសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ធន់ ធឿន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អតីតមេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាព។
នៅចំពោះភរិយា និងក្រុមគ្រួសារសព, ទេសរដ្ឋមន្រ្តី គន់ គីម បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតលោក ធន់ ធឿន ទោះបីរូបកាយទៅបាត់ ក៏ពិតមែនតែគាត់បានបន្សល់ទុក នៅបទពិសោធន៍ និងការចងចាំល្អៗដល់យុទ្ធមិត្តនិងក្រុមការងាររបស់លេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា, លោកតែងចុះដោយផ្ទាល់ ជួបជាមួយនិងគ្រួសារអតីតយុទ្ធជន ដើម្បីបានដឹងពីសុខទុក្ខ របស់បងប្អូន រកវិធីដើម្បីដោះស្រាយបញ្ហារបស់អតីតយុទ្ធជនបានដោយរលូន និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនកម្ពុជាពីរបបប្រល័យ ពូជសាសន៍ ការពារសុខសន្តិភាពជូនជាតិមាតុភូមិ និងបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍ ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សមាជិកសមាជិកាទាំងអស់ នៃសមាគមអតីតយុទ្ធជនកម្ពុជា មានសេចក្តីតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងដ៏សែន ក្រៀមក្រំ រកអ្វីប្រៀបពុំបានចំពោះការ ទទួលមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ធន់ ធឿន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អតីតមេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាព ថ្ងៃសៅរ៍ ១ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២៖៣០នាទី ទៀបភ្លឺ ក្នុងជន្មាយុ៧០ឆ្នាំដោយរោគាពាធ»។
លោកថា «ក្នុងក្តីវិយោគដ៏សែនក្រៀមក្រំស្ទើររកទីបំផុតគ្មាននេះ យើងខ្ញុំសូមចូលរួមសោកស្តាយជាទីបំផុតចំពោះការបាត់បង់ ឯកឧត្តម ធន់ ធឿន ដែលជាឥស្សរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលមួយជីវិតរបស់ ឯកឧត្តមបានបូជាកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនកម្ពុជាពីរបបប្រល័យ ពូជសាសន៍ ការពារសុខសន្តិភាពជូនជាតិ មាតុភូមិ និងបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ»។
ក្នុងឱកាសដ៏សែនសោកសៅនេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃសមាគមអតីតយុទ្ធជនកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដោយក្តីសោកសង្រេងយ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុតជាមួយលោកជំទាវ និងក្រុមគ្រួសារដែលបានបាត់បង់នូវឧត្តមស្វាមី ឪពុកជាទីគោរពស្រលាញ់ ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ធន់ ធឿន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៧០ឆ្នាំ នៅម៉ោង២៖៣០ទៀបភ្លឺ ថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២២។ បច្ចុប្បន្នសពតម្កល់ធ្វើបុណ្យ នៅគេហដ្ឋានសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង៕