(ភ្នំពេញ)៖ ឆ្លើយតបនឹងការប្រកាសដង្ហែញត្តិថ្វាយព្រះមហាក្សត្រនៅម៉ោង ២រសៀលថ្ងៃនេះដូចកាគ្រោងទុកពីសំណាក់ មន្រ្តីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ ត្រូវបានអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានប្រាប់ Fresh News នៅមុននេះបន្តិចថា ប្រកាន់ជំហរមិនអនុញ្ញាត ឲ្យមានការដង្ហែញត្តិនោះទេ ប្រសិនបើមានបញ្ហាប៉ះទង្គិចគ្នា រវាងអ្នកគាំទ្រ និងអ្នកមិនគាំទ្រ នោះគណបក្សសង្គ្រោះជាតិ ជាអ្នកទទួលខុសត្រូវទាំងស្រុង។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា នៅខណៈពេលនេះ (ម៉ោង១១៖៥០នាទី) ក្រុមតំណាងគណបក្សសង្គ្រោះជាតិ និងក្រុមតំណាងលោក ស្រី ចំរើន និងក្រុមអ្នកគាំទ្រចំណាត់ការតុលាការមួយចំនួនទៀត បានកំពុងជួបពិភាក្សារកដំណោះស្រាយនៅសាលារាជធានីភ្នំពេញ។
លោកអភិបាលបានអះអាងថា នៅពេលបន្តិចទៀតនេះ សាលារាជធានីភ្នំពេញ នឹងមានលិខិតជូនទៅខាងគណបក្សសង្គ្រោះជាតិ អំពីការហែញត្តិ ដោយរកដំណោះស្រាយជៀសវាងបញ្ហាប៉ះពាល់ទង្គិចគ្នា។ ដោយក្នុងនោះលោកអភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា ដំណោះស្រាយអាចទៅរួច ប្រសិនចាត់តំណាងត្រឹម១០-១៥នាក់ ដើម្បីហែញតិ្ត ហើយខាងសាលារាជធានីភ្នំពេញ នឹងជួយសម្របសម្រួលជាមួយខាងព្រះបរមរាជវាំង។
លោកអភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិដង្ហែញត្តិ ដោយយោងទៅតាមហេតុផលមួយចំនួនទៀតរួមមាន៖
ទី១៖ ការពាក្យស្នើសុំមានភាពប្រថុចញ៉ុច ពោលសុំពេលព្រឹក ធ្វើពេលល្ងាច ផ្ទុយពីច្បាប់ ដែលបានកំណត់,
ទី២៖ ពាក្យពេចន៍ នៃការស្នើសុំ ដូចជាធ្វើរដ្ឋប្រហារធម្មនុញ្ញ និងរំលោភលើចំណាត់ការរបស់តុលាការ
ទី៣៖ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ព្រោះអាចមានការប៉ះទង្គិចរវាងអ្នកប្រឆាំង និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ បានប្រកាសថា ខ្លួននឹងនាំអ្នកគាំទ្រក្នុងរាជធានីភ្នំពេញ និងមកពីតាមបណ្តាខេត្ត ដឹកនាំដោយអ្នក តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ដង្ហែញត្តិទៅថ្វាយព្រះមហាក្សត្រខ្មែរ ដើម្បីទាមទារលក្ខខណ្ឌមួយចំនួន ក្នុងនោះរួមមានការប្រឆាំងចំណាត់ការរបស់តុលាការ លើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិផងដែរ៕