(ភ្នំពេញ)៖ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា និងថា្នក់នគរភ្នំ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល បានផ្តល់អំពូលសូឡាដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីអនុវត្តការងារសង្គម ក្រោមកម្មវិធី «អំពូលសូឡាបំភ្លឺសហគមន៍»។
អំពូលសូឡានេះ រៀបចំដាក់បំភ្លឺនៅតាមបណ្ដោយផ្លូវស្របដងទន្លេមេគង្គ ក្នុងឃុំសំបុក និងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ក្នុងគោលបំណង លើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរពេលរាត្រី បង្កើនសោភ័ណភាព និងជំរុញទេសចរណ៍នៅតំបន់រមណីយដ្ឋានកាំពី អន្លង់ផ្សោតកាំពី និងតំបន់ជុំវិញ។
របាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្នាក់ចេនឡាផ្តល់អំពូលសូឡា ៣១ដើម ស្មើនឹងថវិកា ២៦៣៥ ដុល្លារ និងថា្នក់នគរភ្នំ ផ្តល់អំពូលសូឡា ២០ដើម ស្មើនឹងថវិកា ១,៧០០ដុល្លារ។
សាលាភូមិន្ទរដ្ឋបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ថ្នាក់ចេនឡា និងថា្នក់នគរភ្នំ ឆ្នាំ២០២២ ដែលបានរួមចំណែកជួយដល់ការងារមនុស្សធម៌ក្នុងសង្គម៕