(តាកែវ)៖ សិស្សវិទ្យាល័យជាស៊ីមតាកែវ ដែលបញ្ចប់ការសិក្សាឆ្នាំ២០០៥ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បាននាំយកថវិកាជាង១,៣០០ដុល្លារ ជូនដល់ លោកគ្រូ ទ្រី ឆាយ នាយកវិទ្យាល័យ ជាស៊ីមតាកែវ សម្រាប់ចូលរួមកែលម្អ ចាក់សាប និងរៀបការ៉ូឡានៅបរិវេនសាលារៀន ដើម្បីពង្រីកសោភ័ណ្ឌភាព នៅក្នុងសាលារៀន ឲ្យកាន់តែមានភាពស្រស់បំព្រង និងល្អស្អាត។
តំណាងសិស្សវិទ្យាល័យជាស៊ីមតាកែវ ដែលបញ្ចប់ឆ្នាំសិក្សា២០០៥ បានថ្លែងនូវការនឹករលឹកដល់សាលារៀន ក៏ដូចជាលោកគ្រូ-អ្នកគ្រូ ដែលបានធ្លាប់បង្ហាត់បង្រៀន ហើយថវិកាទាំងនោះ គឺជាការរួមចំណែកបន្ដិចបន្ដួច ក្នុងការអភិវឌ្ឍន៍នៅសាលារៀន ដែលជាកន្លែងបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹង ដើម្បីពួកគេយកចំណេះដឹងទៅប្រើប្រាស់ជាដើមទុន សម្រាប់ជីវភាពក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។
លោកគ្រូ ទ្រី ឆាយ នាយកសាលាវិទ្យាល័យជាស៊ីម បានលើកឡើងថា សកម្មភាពរបស់អតីតសិស្សជំនាន់មុន គឺជាគំរូល្អ ដល់ក្មេងជំនាន់ក្រោយ បន្ទាប់ពីពួកគាត់បញ្ចប់ការសិក្សានៅសាលារហូតមក ពួកគាត់អាចមានលទ្ធភាពជួយដល់ខ្លួនឯង ជួយដល់ក្រុមគ្រួសារ និងរហូតឈានមកដល់ជួយដល់សង្គមជាតិបន្ថែមទៀត ជាពិសេសការជួយអភិវឌ្ឍន៍ ដល់សាលារៀនដែលខ្លួនធ្លាប់រៀនផងដែរ។
ជាមួយគ្នានេះផងដែរ លោកនាយក ទ្រី ឆាយ បានបន្តសូមអំពាវនាវដល់អតីតសិស្សជំនាន់មុន ដែលមានលទ្ធភាព មេត្តាចូលរួមគ្នាជួយអភិវឌ្ឍន៍ ដល់អតីតសាលារៀនរបស់ខ្លួន ទុកបង្ហាញសម្រាប់ក្មេងៗ ជំនាន់ក្រោយជាអ្នកបន្តវេន៕