(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ ព្រមទាំងក្រុមការងារ បានអញ្ជើញផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាជូនសមាជិកសមាជិកាបក្សនៅមូលដ្ឋានឃុំ ភូមិ និងក្រុម ទូទាំងស្រុកកំចាយមារ។
ថ្លែងក្នុងពិធីផ្សព្វផ្សាយកាលពីថ្ងៃទី១៣ ខែសីហា កន្លងទៅនេះ លោក ស្តើង សុខុម បានលើកឡើងថា ជាទម្លាប់គណបក្សប្រជាជនកម្ពុជា តែងធ្វើសន្និបាត បូកសរុបការងាររបស់ខ្លួននៅក្រោយការបោះឆ្នោតនីមួយៗ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ស្វែងរកហេតុ និងផលក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិ ទី៥កន្លងទៅ និងពិភាក្សាពីគោលដៅដើម្បីបំពេញបន្ថែមឈានទៅរកការឈ្នះឆ្នោតក្នុងការបោះឆ្នោតតំណាងរាស្ត្រនា ឆ្នាំ២០២៣ពេលខាងមុខ។
លោកបន្តថា លទ្ធផលនៃការអនុវត្តទិសដៅគោលការណ៍គោលនយោបាយសេចក្ដីណែនាំ និងសេចក្ដីសម្រេចចិត្តនានារបស់ថ្នាក់កណ្ដាល បានធ្វើឱ្យតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាកាន់តែលេចធ្លោ។ ជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិ ទី៥ ឆ្នាំ២០២២បញ្ជាក់ថា ប្រជាជនកម្ពុជានៅតែត្រូវការតួនាទីរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀតក្នុងការដឹកនាំប្រទេសដឹកនាំឃុំ-សង្កាត់។ លោកបន្ថែមថា លក្ខណពិសេសរបស់គណបក្សប្រជាជនកម្ពុជាគឺ មានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពីប្រជាជនមានរចនាសម្ព័ន្ធចាត់តាំងរឹងមាំមានធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបធ្វើការងារត្រឹមត្រូវ។
លោកប្រធានក្រុមការងារបានបញ្ជាក់ថា «លទ្ធផលនៃសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាដែលត្រូវផ្សព្ធផ្សាយជូនសមាជិកបក្សនៅពេលនេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សមាជិកបក្សនៅមូលដ្ឋាន ព្រោះជាលទ្ធផលដែលកើតចេញពីការ ពិភាក្សាដ៏ល្អិតល្អន់របស់អង្គសន្និបាតដែលជាការស្វែងរកឱ្យឃើញនូវរាល់ហេតុ និងផលទាក់ទងដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំនេះ ដើម្បីមានមូលដ្ឋានជំរុញធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនៅការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខបន្តទៀត»។ លោកបានសង្កត់ធ្ងន់ថា «នេះគឺជាមូលដ្ឋានបង្អែកដើម្បីចាត់ចែងការងារ បន្តសម្រាប់ដំណើរឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា»។
លោក ស្តើង សុខុម បានគូសរំលេចថា កត្តាសំខាន់ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារទទួលបានជោគជ័យគឺផ្អែកលើមូលដ្ឋានចំនួន៣គឺ៖
ទី១៖ កត្តាមេដឹកនាំល្អពីថ្នាក់ដឹកនាំកំពូលដែលមានយន្តការនៃការដឹកនាំជាប្រព័ន្ធ មានគោលការណ៍ណែនាំ មានគោលនយោបាយ មានយុទ្ធសាស្រ្តមានកម្មវិធីការងារជាក់លាក់។
ទី២៖ កត្តាភាពជាអ្នកដឹកនាំខ្លាំង ភាពជាអ្នកដឹកនាំឆ្នើម ភាពជាអ្នកដឹកនាំលេចធ្លោរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងសម្តេចប្រធានគណបក្ស ទាំងសម្តេច និងលោកស្រីអនុប្រធានគណបក្ស។ ជាពិសេសខេត្តព្រៃវែង គឺមានសម្តេចក្រឡាហោម និងភរិយា ជាមេដឹកនាំប្រកបដោយគុណធម៌ និងសមត្ថភាព និងមានរបៀបធ្វើការងារជាក់លាក់។
ទី៣៖ កត្តាមន្ត្រីគ្រប់ថ្នាក់ រហូតដល់មូលដ្ឋាន ជាមន្ត្រីល្អមានសមត្ថភាព ជាមន្រ្តីដែរសកម្ម ជាមន្រ្តីមានប្រជា ប្រិយភាព មានទំនាក់ទំនងល្អនិងជាមន្រ្តីដែលហ៊ានបរិច្ចាគទាំងកម្លាំងកាយចិត្ត និង ធនធានសម្រាប់គណបក្ស។
ទី៤៖ កត្តានៃការចូលរួមរបស់ប្រជាជនហើ យប្រជាជនក្នុងស្រុកកំចាយមារគឺល្អ ពួកគេមើលឃើញអំពើល្អរបស់មេដឹកនាំគណបក្ស មើលឃើញអំពើល្អរបស់គណបក្ស មើលឃើញសមិទ្ធផលសំខាន់ៗ ដែលគណបក្សប្រជាជនកម្ពុជាដឹកនាំរាជរដ្ឋាភិបាល មើលឃើញចំណុចនេះ បានធ្វើឱ្យពួកគាត់ផ្តល់នូវសច្ចភាពនិងសច្ចធ៌ម បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតជាបន្តបន្ទាប់ ជាក់ស្តែងស្រុកកំចាយមាររបស់យើងបន្តឈ្នះឆ្នោតជាបន្តបន្ទាប់ធ្វើឲ្យមានការសរសើរពីថ្នាក់ដឹកនាំ។
នៅក្នុងឱកាសនោះលោកប្រធានក្រុមការងារ ក៏បានលើកឡើងអំពីសភាពការណ៍បច្ចុប្បន្នភាពជម្រាបជូនដល់សមាជិក សមាជិកាបក្សផងដែរ ដោយចាប់ផ្តើមពីជំងឺរាតត្បាតនៃកូវីដ១៩។ លោក ស្តើង សុខុម បានលើកឡើងទៀតថា ទោះបីកម្ពុជាមានភាពស្រាកស្រាន្តអំពីកូវីដ១៩ ក៏ដោយ ប៉ុន្តែពិភពលោកមិនទាន់មានភាពស្រាកសា្រន្តនៅឡើយទេ។
ចំណុចនេះលោក ស្តើង សុខុម បានស្នើឱ្យសមាជិកគណបក្ស និងក្រុមការងារ ត្រូវបង្កើនការចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូសនិងបន្តចាក់ដូសជំរុញបន្ថែមទៀត ទៅតាមប្រក្រតីទិនដែលត្រូវចាក់។ ជាមួយគ្នានេះ លោក ក៏បានណែនាំឱ្យសមាជិកបក្សទាំងអស់បន្តអនុវត្តវិធានការសុខាភិបាល «បីកុំ បីការពារ» ជាប្រចាំ។
លោកប្រធានក្រុមការងារបានបន្តថា ពាក់ព័ន្ធបញ្ហាកូវីដ១៩ នេះដែររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាធ្វើបានយ៉ាងល្អ។ ចំណុចនេះ ប្រជាជនមើលឃើញពីគុណសម្បត្តិនេះ ហើយបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិ បានជួយសង្រ្គោះអាយុជីវិតប្រជាជន និងសុខភាពប្រជាជនមិនឲ្យរងនូវហានិភ័យនៃជំងឺកូវីដ១៩។ លោក ស្តើង សុខុម បានសង្កត់ធ្ងន់ថា គណបក្សផ្សេងមិនប្រាកដអាចធ្វើបាននោះទេ សូម្បីប្រទេសខ្លះ ក៏មិនអាចធ្វើបានដែរ។
លោក ស្តើង សុខុម បានបន្តថា «ដោយសារតែការគ្រប់គ្រងកូវីដ១៩ បានល្អ បានធ្វើកម្ពុជាមានលទ្ធផលក្នុងការរៀបចំការបោះឆ្នោតទៅតាមរដ្ឋធម្មនុញ្ញរៀងរាល់ ៥ឆ្នាំម្តង បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងបោះឆ្នោតសាកល។ ជាក់ស្តែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីពេលថ្មីៗនេះទទួលបានជោគជ័យ ដោយមិនបានបង្កហានិភ័យ នៃការឆ្លងរាលដាលកូវីដ១៩ នោះទេ»។
លោកបន្តថា «ព្រឹត្តិការណ៍នេះ បានធ្វើឲ្យយើងទទួលបានជោគជ័យចំនួនពីរក្នុងពេលតែមួយ គឺជ័យជម្នះក្នុងឋានៈជាគណបក្សកាន់អំណាចដែលត្រូវរៀបចំការបោះឆ្នោតនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យនិងទី២ គឺការទទួលបានជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការប្រកួតប្រជែងការបោះឆ្នោត ដែលនេះជាមោទនភាពសម្រាប់គណបក្សយើង»។
លោកប្រធានក្រុមការងារបានបន្តថាដោយសារជោគជ័យនៃការគ្រប់គ្រងកូវីដ១៩នេះហើយដែលធ្វើឲ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០២២ អាចរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីពាក់ព័ន្ធដោយផ្ទាល់ ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសប្រមាណ ២៨ ប្រទេស។ ក្នុងនោះសុទ្ធតែ ប្រទេសមហាអំណាចធំៗដូចជា អាមេរិក រុស្ស៊ី ចិន ជប៉ុន អូស្ត្រាលី សហគមន៍អ៊ឺរ៉ុប...បានចូលរួមដែលនេះគឺជាជោគជ័យថ្មីមួយទៀងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ហើយជោគជ័យនេះគឺកើតចេញពីកត្តាសុវត្តិភាព ,កត្តាសុវត្តិភាពទី១គឺ សុខសន្តិភាពដែលយើងរកបានដោយលំបាកហើយយើងបានការពារវាដោយគត់មត់។ កត្តាទី២.នោះទាក់ទងនឹងការដែលយើងត្រួតត្រាបាននូវជំងឺកូវីដ-១៩។
លោក ស្តើង សុខុម ក៏បានបង្ហាញទៀតថា ជោគជ័យសំខាន់ជាងគេនោះ គឺរាជរដ្ឋាភិបាលគ្រប់គ្រងបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានល្អប្រសើរ។ លោកប្រធាន បានពន្យល់ថា ទោះបីកម្ពុជាក៏ដូចជាពិភពលោកកំពុងប្រឈមនូវជំងឺកូវីដ-១៩ និងសង្គ្រាមរវាងរុស្ស៉ី-អ៊ុយក្រែន ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានគ្រប់គ្រង និងរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល ពិសេសបន្ដរក្សាសន្សំសំចៃឲ្យបានខ្ពស់ ដើម្បីទប់ទល់ជាមួយសភាពការណ៍ដែលបានកំពុងកើតមាន។
លោកបន្តថា ប្រសិនរាជរដ្ឋាភិបាលមិនបានគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានល្អទេនោះ ប្រទេសជាតិ នឹងជួបចលាចល កើតអសន្តិសុខ និងប្រជាជនជួបបញ្ហាខ្វះខាតស្បៀងជាក់ជាមិនខាន។ ទាំងនេះសុទ្ធតែជាសមិទ្ធផលធំៗ ដែលគណបក្សសម្រេចបានដែលធ្វើឲ្យប្រជាជនកាន់តែមានជំនឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ពាក់ព័ន្ធការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាពេលថ្មីនេះ លោក ស្តើង សុខុម បានធ្វើការពន្យល់លំអិតអំពីគោលបំណង ដើម្បីបំពេញនូវចំណុចខ្វះចន្លោះរបស់រដ្ឋធម្មនុញ្ញ ហើយការធ្វើវិសោធនកម្មនេះ ក៏ដើម្បីរក្សានូវឧត្តមប្រយោជន៍ជាតិផងដែរ។
លោកប្រធានក្រុមការងារស្រុកកំចាយមារក៏បានកត់សម្គាល់ទៅលើរបាយការណ៍លទ្ធផលនៃសន្និបាតវិសាមញ្ញ និងទិសដៅការងារបន្តរបស់គណបក្សប្រជាជនកម្ពុជា។ លោកប្រធានបានធ្វើការបកស្រាយម្តងមួយចំណុចៗ ដោយលំអិតឆ្លុះបញ្ចាំងទៅសភាពការណ៍ជាក់ស្តែងក្នុងមូលដ្ឋានឃុំទាំង៨ របស់ស្រុកកំចាយមារនា ពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមក។ ជាមួយគ្នានេះ លោក ស្តើង សុខុម ក៏បានលើកទឹកចិត្តឱ្យក្រុមការងារបក្ស និងមន្ត្រីបក្សទាំងអស់យករបាយការណ៍នេះ ទៅផ្សព្ធផ្សាយឱ្យបានទូលំទូលាយ នៅតាមសាខា អនុសាខាបក្សទាំងអស់នៅក្នុងស្រុកកំចាយមារ ទៅតាមលទ្ធភាពជាក់ស្តែងរបស់ឃុំ របស់ភូមិ និមួយៗនិង ទៅដល់ ប្រធានភូមិ ប្រធានក្រុមបក្ស តាមសាខាបក្សនីមួយៗផងដែរ។
ជាការកត់សម្គាល់លោក ស្តើង សុខុម បានលើកឡើងអំពីចំណុចសំខាន់ៗនៃលទ្ធផលសន្និបាតវិសាមញ្ញគណបក្ស ដែលសមាជិកបក្សម្នាក់ៗ ត្រូវដឹង និងយល់ និងខិតខំប្រតិបត្តិឱ្យបាន ក្នុងនោះត្រូវការការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម គឺជាចំណុចស្នូលដែលជាការចង់បានបំផុត របស់ប្រជាជន ហើយដែលត្រូវការពារឲ្យបាន ទោះជាតម្លៃណាក៏ដោយ។ ជាមួយនេះលោកក៏បានបញ្ជាក់ពីការប្រកាសគាំទ្រជាឱឡារិក នូវបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងគាំទ្រ លោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
លោក ស្តើង សុខុម ក៏បានស្នើឱ្យសមាជិកបន្តជំរុញការកែទម្រង់ស៊ីជម្រៅនៅគ្រប់ការដ្ឋានដោយឆន្ទះមុតស្រួចតាម អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែរ ព្យាបាល និង វះកាត់ ដែលនេះជាចំណុចសំខាន់ត្រូវចូលរួមគាំទ្រនិងអនុវត្តន៍ឲ្យបានល្អប្រសើ។ ចំណុចសំខាន់មួយទៀត គឺការអនុវត្តឱ្យបាននូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិ ភាពព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំនៅមូលដ្ឋាន។
ពាក់ព័ន្ធនឹងការជំរុញការអភិវឌ្ឍគោលនយោបាយឃុំសង្កាត់២០២២-២០២៧ លោកប្រធានក្រុមការងារចុះស្រុកកំចាយមារ បានស្នើឱ្យឃុំទាំង៨ របស់ស្រុកធ្វើផែនការនេះឡើងឱ្យបានឆាប់។ ទី១៖ ការរៀបចំបទបញ្ជាផ្ទៃក្នុងថ្មី និងទី២៖ ធ្វើផែនការអភិវឌ្ឍឃុំ សង្កាត់ ទៅតាមគោលនយោបាយរបស់គណបក្សដែលបានលើកឡើងមុនការបោះឆ្នោត។
លោកប្រធានក៏បានធ្វើការកត់សម្គាល់ពីការពង្រឹងរដ្ឋបាលមូលដ្ឋានឱ្យអនុវត្តន៍ឱ្យបានល្អតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់ខ្លួន ជាពិសេសពង្រឹងមន្រ្តីបង្គោលរបស់មូលដ្ឋានដែលមាន មេឃុំ មេប៉ុស្តិ៍ ស្មៀន ឱ្យទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ។ ចំណុចនេះលោកបានធ្វើការបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សបានសម្រេចថាត្រូវហ៊ានផ្លាស់ប្តូរមន្ត្រីណា ដែលបម្រើប្រជាជនមិនបានល្អ។
លោក ស្តើង សុខុម បានសង្កត់ធ្ងន់ទៀតថា នេះជាទិសដៅរបស់គណបក្សច្បាស់ព្រោះគណបក្សនិយាយ ហើយត្រូវធ្វើទើបប្រជាជនជឿជាក់ មកលើការដឹកនាំរបស់កណបក្សប្រជាជន។ ចំណុចមួយទៀតពាក់ព័ន្ធការងារចាត់តាំងមន្ត្រី លោក ស្តើង សុខុម បានស្នើឲ្យគណបក្សស្រុកខិតខំពិនិត្យមើលមន្ត្រី ដែលសកម្មមានសមត្តភាព និងគុណធ៌ម។ លោក ស្តើង សុខុម បានបន្តថា ថ្នាក់ដឹកនាំគណបក្សបានណែនាំមកថា៖ «យើងត្រូវឈ្នះឆ្នោតដោយការស្រឡាញ់ចេញពី បេះដូងរបស់ប្រជាពលរដ្ឋតាមរយៈអំពើល្អ មិនមែនឈ្នះឆ្នោតតាមរយៈភាពក្រអើតក្រទមនោះទេ»។
នាឱកាសនេះលោក ស្តើង សុខុម បានស្នើឲ្យប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំទាំង៨នៅក្នុងស្រុកកំចាយមារយកចិត្តទុកដាក់ជំរុញឲ្យយុវជន ដែលស្ថិតក្នុងគ្រួសារ សមាជិកបក្សដែលគ្រប់អាយុបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតឲ្យបានទាន់ពេលវេលានិងឲ្យបានច្រើន។ លោកបន្តថានៅពេលដែលពួកគេចុះឈ្មោះ បានច្រើនវានិងធ្វើឲ្យសមាជិកគណបក្សមានចំនួនច្រើន និងធ្វើឱ្យសំឡេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក៏ច្រើន។
លោក ស្តើង សុខុម ក៏បានជំរុញមានការកសាងសមាជិកគណបក្សបន្ថែមទៀតដោយលោកធ្វើការបញ្ចាក់ថា ការកសាងបក្ស គឺជាការងារសំខាន់មួយដែលត្រូវតែធ្វើជាប្រចាំ, គ្មានពាក្យដែលថាឈប់សម្រាកនោះទេ ទោះដល់ថ្ងៃបោះឆ្នោតក៏នៅតែកសាងសមាជិកបក្ស ក្រោយបោះឆ្នោតក៏នៅតែកសាងសមាជិកបក្ស គឺកសាងសមាជិកបក្សគ្មានថ្ងៃឈប់ឈរឡើយ។
លោកបានធ្វើការពន្យល់ទៀតថា «គណបក្សប្រៀបដូចជាខ្លួនមនុស្សយើងអីចឹង កោសិកាចាស់ជ្រុះទៅកោសិកាថ្មីបង្កើតឡើង។ ចំណុចខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺការកសាងបក្សនេះឯង ហើយការងារកសាងបក្សមានបញ្ហា ២ធំៗពង្រីកសមាជិកបក្សផង និងពង្រឹងសមាជិកដែលមានស្រាប់ផង»។
លោកបន្តថាកសាង បក្សបានហើយត្រូវពង្រឹងគុណភាពសមាជិកបក្ស បើមានឈ្មោះក្នុងបញ្ចីជាសមាជិកបក្ស ហើយសុំឲ្យមានទាំងឈ្មោះ ទាំងមនុស្ស មានទាំងកាយ និងមានទាំងចិត្ត ហើយមានស្មារតីគោរពស្រឡាញ់គណបក្សដោយស្មោះស្ម័គ្រ។
ជាចុងក្រោយលោក ស្តើង សុខុម បានកត់សម្គាល់ថា ការថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានរឹងមាំ ដែលចំណុចនេះចាប់ពីថ្នាក់កំពូលដល់មូលដ្ឋានគឺមានសារៈសំខាន់ណាស់ត្រូវជំរុញឱ្យទៅដល់ឬសគល់នៅមូលដ្ឋាន ដល់ឃុំ ភូមិ និងក្រុមបក្ស។
នាឱកាសនោះ លោក ស្តើង សុខុម ក៏បានផ្តល់ជាថវិកាសម្រាប់ការធ្វើដំណើរ និងហូបចុក ជូនដល់សមាជិកចូលរួមចំនួន២៨២នាក់ដោយម្នាក់ៗ ទទួលបាន ២ម៉ឺនរៀល, នគរបាលធ្វើសណ្តាប់ធ្នាប់ ១០នាក់ ម្នាក់ៗ២ម៉ឺនរៀល និងគណកម្មការរៀបចំកម្មវិធី ៥០ម៉ឺនរៀល៕