(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ បានជូនដំណឹងពីការធ្លាក់ភ្លៀង ស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ដល់ខែទី១៩ ខែសីហា ឆ្នាំ២០២២ ដោយសារប្រព័ន្ធសម្ពាធទាប (ITCZ)។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា យោងតាមការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ៖ ជ្រលង សម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះជាមួយនឹងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ក្រសួងបានគូសបញ្ជាក់ថា លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈឡូកាល់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ។
ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឲ្យបណ្តាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួនដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ និងច្រើនរួចមកហើយ រួចបន្ថែមបរិមាណកើនឡើងទៀត ដែលជាហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀងសារជាថ្មី មានជាអាទិ៍ ៖ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ៕