Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៉ិត សំហេង៖ នៅឆ្នាំបន្ទាប់ របបសន្តិសុខ​សង្គម ផ្នែកថែទាំសុខភាព នឹងអនុវត្ត​ទូទាំង​ប្រទេស

30-05-2016 11:53

(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ បានបង្ហាញពីក្ដីសង្ឈឹមជាថ្មី ដល់កម្មករនិយោជិតថា នៅឆ្នាំបន្ទាប់(ឆ្នាំ២០១៧) បេឡាជាតិរបបសន្តិសុខ​សង្គមផ្នែកថែទាំសុខភាព នៃក្រសួងការងារ នឹងដាក់ឱ្យអនុវត្តនៅទូទាំងប្រទេស ដូចរបបសន្តិសុខសង្គម ផ្នែកធានារ៉ាប់រងហានិភ័យដែរ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព នាសណ្ឋាគារទន្លេបាសាក់២ លោក អ៉ិត សំហេង បានឱ្យដឹងថា «ចំពោះដំណាក់កាល នៃកាអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព នៅឆ្នាំ២០១៦នេះ យ៉ាងហោចណាស់ យើងក៏បានអនុវត្ត នៅរាជធានីភ្នំពេញញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដែលមានកម្មករនិយោជិត ប្រមាណជាង៥០ម៉ឺននាក់ ហើយនៅឆ្នាំបន្ទាប់ របបននេះ នឹងត្រូវបានអនុវត្ត នៅទូទាំងប្រទេស ដូចរបបហានិភ័យការងារដែរ»

លោករដ្ឋមន្រ្តី ក៏បានផ្ដល់នូវអនុសាសន៍ល្អៗ មួយចំនួន ដល់បេឡាជាតិសន្តិសុខសង្គម និងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីផ្សព្វផ្សាយ អនុវត្តការងារ និងពង្រីកវិសាលភាពការងារ នៅតាមខេត្តផ្សេងៗ ក៏ដូចជា ត្រូវស្វែងយល់ពីបញ្ហានានា និងចូលរួមដោះស្រាយ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់កម្មករនិយោជិត ឱ្យបានទាន់ពេលវេលា និងប្រកបដោយជោគជ័យ។

សូមរំលឹកថា ប្រព័ន្ធសន្តិសុខសង្គម ក្នុងប្រទេសកម្ពុជា ត្រូវបានចាប់ផ្ដើមធ្វើឡើង តាំងពីឆ្នាំ១៩៥៥ តែត្រូវបានលុបបំបាត់ទៅវិញ ក្នុងសម័យខ្មែរក្រហម ប៉ុលពត នៅកំឡុងឆ្នាំ១៩៧៥-១៩៧៩ ហើយត្រូវរៀបចំដាក់ឱ្យមានឡើងវិញម្ដងទៀតនៅឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន បាននិងកំពុងតែមានការរីកចម្រើនជាបន្តបន្ទាប់៕