(ព្រះសីហនុ)៖ កងកម្លាំងអន្តរាគមន៍សង្គ្រោះលេខ៧១១ មកពីសាលាហ្វឹកហ្វឺនមិត្តភាពសង្គ្រោះកម្ពុជា-ជប៉ុន កងពលតូចលេខ៧០ ប្រចាំការនៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានបន្តសកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគការពារជំងឺឆ្លងកូវីដ១៩ តាមគោលដៅមួយចំនួនក្នុងក្រុងព្រះសីហនុ។
បើតាមការលើកឡើងរបស់លោកវរសេនីយ៍ត្រី គីម ណៃ ដែលដឹកនាំកម្លាំងចុះផ្ទាល់បានឲ្យដឹងថា ក្នុងការចូលរួមទប់ស្កាត់ការពារជំងឺឆ្លងកូវីដ១៩នេះ កម្លាំងអន្តរាគមន៍សង្គ្រោះលេខ៧១១ សាលាហ្វឹកហ្វឺនមិត្តភាពសង្គ្រោះកម្ពុជា-ជប៉ុន កងពលតូចលេខ៧០ បានចុះធ្វើសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ សកម្មភាពបាញ់ថ្នាំសម្លាប់មេរោគតាមមន្ទីរពេទ្យ ទីផ្សារ សាធារណៈ និងតាមលំនៅដ្ឋានពលរដ្ឋជាបន្តបន្ទាប់ក្នុងក្រុងព្រះសីហនុ។
ក្នុងការចុះធ្វើសកម្មភាពខាងលើនេះដែរ សាលាហ្វឹកហ្វឺនមិត្តភាពសង្គ្រោះកម្ពុជា-ជប៉ុន កងពលតូចលេខ៧០ ក៏មានការសង្គ្រោះ ដោយពុំមានការបង់ប្រាក់ ទៅលើគ្រោះថ្នាក់ ឬគ្រោះមហន្តរាយផ្សេងៗមានដូចជាគ្រោះថ្នាក់អគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះទឹកជំនន់ ឬគ្រោះថ្នាក់រលំបាក់អាគារជាដើម។
សាលាហ្វឹកហ្វឺនមិត្តភាពសង្គ្រោះកម្ពុជា-ជប៉ុនក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ថា បើមានករណីហានីភ័យ ឬគ្រោះថ្នាក់ណាមួយដូចបានជម្រាបជូនខាងលើ សូមទំនាក់ទំនងមកខាងក្រុមជួយសង្រ្គោះយើងតាមរយៈលេខទូរស័ព្ទ 088 777 1115 /097 613 1613 /086 818 227៕