(ឥណ្ឌា)៖ នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា គណៈប្រតិភូអន្តរសភាអាស៊ាន(AIPA) ដឹកនាំដោយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអាយប៉ា លេីកទី៤៣ បានជួបសម្តែងការគួរសមជាមួយ លោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានសភាជាន់ខ្ពស់ នៃសាធារណរដ្ឋឥណ្ឌា។
នៅក្នុងឱកាសនោះ លោកអនុប្រធានាធិបតី បានសម្តែងការស្វាគមន៍យ៉ាងរាក់ទាក់ និងមានមោទកភាពចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងអាស៊ាន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី នៃស្ថាប័ននីតិប្បញ្ញតិ និងនីតិប្រតិបត្តិ របស់ប្រទេសសមាជិកអាស៊ាន។ លោក ក៏បានរំលឹកអំពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនានានៃចំណងការទូតរបស់ឥណ្ឌាជាមួយប្រទេសសមាជិកអាស៊ាន ជាមួយនឹងការរំពឹងទុកថា វឌ្ឍនភាពដែលប្រសូត្រចេញពីចំណងការទូតនេះ នឹងត្រូវបានពង្រឹង និងពង្រីកជាបន្តទៀត ជាពិសេសទៅលេីវិស័យអាទិភាពរួមមាន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាដើម ។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈប្រតិភូ បានសម្តែងមនោសញ្ចេតនា រីករាយ ពេញចិត្ត និងគាំទ្រចំពោះការលើកឡើងរបស់ភាគីឥណ្ឌា និងបានអបអរសាទរយ៉ាងក្លៀវក្លាចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតជាអនុប្រធានាធិបតីឥណ្ឌា និងជាប្រធានសភាជាន់ខ្ពស់ឥណ្ឌា ជាពិសេស បានចំណាយពេលវេលាលើកដំបូងគេ ក្នុងនាមជាអនុប្រធានាធិបតី ទទួលជួបគណៈប្រតិភូអាយប៉ានៅពេលនេះ។
លោកកិត្តិសេដ្ឋាបណ្ឌិតប្រធានគណៈប្រតិភូ បានផ្តល់ឱកាសឱ្យសមាជិកគណៈប្រតិភូប្រទេសសមាជិកអាយប៉ា បានរួមចំណែកផ្តល់ទស្សនៈយល់ឃើញនានាជុំវិញផលវិជ្ជមាននៃទំនាក់ទំនងមិត្តភាពអាស៊ាន-ឥណ្ឌា និយាយជារួម និងផលប្រយោជន៍ផ្ទាល់រវាងឥណ្ឌា និងប្រទេសសាមីនីមួយៗ និយាយដោយឡែក ជាមួយការប្តេជ្ញាចិត្តបន្តជម្រុញ និងលើកទឹកចិត្តអោយស្ថាប័ននីតិប្រតិបត្តិឥណ្ឌា-អាស៊ាន ខិតខំពង្រឹង និងពង្រីកទំនាក់ទំនងនេះថែមទៀត ។
បន្ទាប់ពីជំនួបខាងលើ លោកកិត្តិសេដ្ឋាបណ្ឌិតប្រធានគណៈប្រតិភូ បានដឹកនាំគណៈប្រតិភូអាយប៉ា ផ្តល់បទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងទូរទស្សន៍សភា របស់ឥណ្ឌា។ ក្នុងបទសម្ភាសន៍ លោកប្រធាន បានជម្រាបពីលទ្ធផលនៃជំនួបទាំឡាយជាមួយថ្នាក់ដឹកនាំឥណ្ឌា ក៏ដូចជាការទៅទស្សនាទី តាំងប្រវត្តិសាស្រ្តរបស់ឥណ្ឌា និងបានចាត់តាំងអោយគណៈប្រតិភូសមាជិកសភាតំណាងប្រទេសនីមួយៗចូលរួមជួបសម្ភាសន៍ដោយផ្ទាល់ទៀតផង ។
នៅក្នុងអំឡុងពេលនៃដំណេីរទស្សនកិច្ចនេះ ក៏មានចេញនូវប្រកាសព័ត៌មានរួម ស្តីពីលទ្ធផលនៃដណេីរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូអន្តរសភាអាស៊ាន នៅសាធារណរដ្ឋឥណ្ឌា ផងដែរ។
សូមជម្រាបថា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានដឹកនាំគណៈប្រតិភូអន្តរសភាអាស៊ាន អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋឥណ្ឌា ក្នុងនាមជាតំណាងប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៕