(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំទាំង៩ បើកកិច្ចប្រជុំផ្សព្វផ្យាយលទ្ធផលសន្និបាតគណ:កម្មាធិការកណ្តាលវិសាមញ្ញ និងបូកសរុបលទ្ធផលបោះឆ្នោតជ្រើសរើក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ដែលបានប្រព្រឹត្តឡើងនៅទីស្នាក់ការគណបក្សប្រជាជនស្រុកកំពង់លែង។
បន្ទាប់ពីលោកប្រធានគណបក្សប្រជាជនស្រុកកំពង់លែង បានឡើងអានរបាយការណ៍ជូនអង្គសន្និបាតរួចមក លោក ឌួង សុវ៉ាង តំណាងរាស្ត្រខេត្តកំពង់ឆ្នាំង អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែង បានឡើងថ្លែងបញ្ចេញមតិពីសកម្មភាពបោះឆ្នោតឃុំ សង្កាត់ ក្នុងបំណងស្វែងរកប្រសិទ្ធភាព និងប្រជាប្រីយភាពក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។
លោក ឡុច សុវណ្ណារ៉ា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែង ក៏បានថ្លែងនូវការក្រើនរំលឹកដល់សមាជិកគណបក្សប្រជាជន ត្រូវចូលរួមប្រមែប្រមូលប្រជាពលរដ្ឋ ក្នុងសហគមន៍របស់ខ្លួនឲ្យចូលរួមការបោះឆ្នោតឲ្យបានសកម្ម ជាពិសេសអស់លោកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មីប្រឹងប្រែងបម្រើប្រជាជន និងអនុវត្តភូមិឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ។
លោកបណ្ឌិត សឹង សំណាង ក្នុងឱកាសនោះ ក៏បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលតែងយកចិត្តទុកដាក់សុខទុក្ខប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។ លោកបណ្ឌិត បានថ្លែងពីសភាពការណ៍វិវឌ្ឍន៍ និងការធានាបាននូវនយោបាយសន្តិសុខសាធារណ: ជាអំណោយផលដល់ការអភិវឌ្ឍប្រទេស។ ចំណុចមួយទៀត ដែលជាភាពអសកម្មក្នុងការអភិវឌ្ឍប្រទេសនោះ គឺការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលជាផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល។
គណបក្សប្រជាជនកម្ពុជា បានដឹកនាំបញ្ចៀសដល់ការគំរាមកំហែងអាយុជិវិតប្រជាជន តាមរយៈការស្វែងរកវ៉ាក់សាំងមកចាក់ឲ្យប្រជាជន ដើម្បីបញ្ចៀសការគំរាមកំហែងអាយុជីវិតប្រជាជន។ ការប្រកួតប្រជែងនយោបាយភូមិសាស្ត្រ នយោបាយការដាក់ទណ្ឌកម្មរវាងមហាអំណាច បានបង្កឲ្យមានការឡើងថ្លៃទំនិញ សាំងឡើងថ្លៃ ជាឱកាសឲ្យពួកប្រឆាំងធ្វើការឃោសនាគ្រប់រូបភាពបោកប្រាស់ប្រជាជន ប៉ុន្តែអ្វីដែលសំខាន់នោះភាពជឿជាក់ដ៏រឹងមាំរបស់ប្រជាជន មកលើគណបក្សប្រជាជនត្រូវបានវាយបកធ្វើឲ្យពួកនោះបរាជ័យជាប្រចាំ។
លោកបណ្ឌិត សឹង សំណាង បានគូសបញ្ជាក់ទៅលើក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយគុណភាព និងផ្តល់ទំនុកចិត្តដល់ប្រជាជនឲ្យកាន់តែខ្លាំងឡើង និងពង្រីកសមាជិកគណបក្សប្រជាជន នៅតាមសហគមន៍ឲ្យបានកើនឡើង បង្កើនសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ក្រោមបរិយាកាសសុខសន្តិភាព សម្លេងឆ្នោតបានឆ្លុះបញ្ចាំងឲ្យឃើញពីការជឿជាក់ដ៏រឹងមាំ ស្រឡាញ់ការអភិវឌ្ឍ ស្រឡាញ់សន្តិភាព កត្តាទាំងអស់នេះនឹងនាំយើងឈានទៅដណ្តើមជោគជ័យនៅការបោះឆ្នោតនាពេលខាងមុខ៕