(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានណែនាំបន្ថែម ដល់នគរបាលចរាចរណ៍ ដែលចាប់ផាកពិន័យប្រជាពលរដ្ឋ នៅតាមគោលដៅនានា។
តាមរយៈសារសំឡេងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ អ្នកនាំពាក្យ លោក សាន សុខសីហា បានណែនាំយ៉ាងដូច្នេះថា៖
*ទី១៖ ករណីភ្លើងស្តុប៖ បើសិនភ្លើងស្តុបពណ៌ក្រហម អ្នកបើកបរបត់ស្តាំក្នុងស្ថានភាពគ្មានគ្រោះថ្នាក់ សូមកុំផាកពិន័យ
*ទី២៖ ករណីភ្លើងលឿង៖ នៅពេលអ្នកបើកបរជិះហួសគំនូសផ្លូវដើរ ទើបលោតភ្លើងលឿង ក៏សូមកុំផាកពិន័យ គឺត្រូវអប់រំណែនាំ
*ទី៣៖ ចំណែកនគរបាលនៅតាមគោលដៅសម្រួលចរាចរណ៍ សូមកុំឲ្យក្លាយទៅជាគោលដៅអនុវត្តន៍ច្បាប់ចរាចរណ៍។
ការណែនាំបន្ថែមរបស់លោក សាន សុខសីហា បានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលចរាចរណ៍ នៅតែផាកពិន័យពលរដ្ឋខុសពីការណែនាំ ហើយក៏មានការប្តឹងពីប្រជាពលរដ្ឋ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ៕