(ភ្នំពេញ)៖ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញវិស័យអប់រំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា ភាគច្រើនណាស់ កូនខ្មែរដែលបានទៅរៀននៅបរទេស តែងតែដាក់ចិត្តដាក់កាយក្នុងការសិក្សារៀនសូត្រ ធ្វើឲ្យពូកែលើសកូនសិស្សជនជាតិដទៃទៅទៀត។ អតីតកូនខ្មែរដែលធ្លាប់បានទៅសិក្សានៅក្រៅប្រទេសរូបនេះ បានបដិសេធចំពោះមតិដែលតែងតែលើកឡើងថា ជនជាតិខ្មែរមានសមត្ថភាពខ្សោយជាងជនជាតិបរទេស។
«និយាយមិនអួតទេណា! ខ្មែរយើងពូកែមែន ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងស្រាវជ្រាវ»។ នេះជាការបញ្ជាក់របស់ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅក្នុងពិធីបើកសម្ពោធជាផ្លូវការ ស្ថាប័នផ្តល់សេវាកម្មសិក្សានៅក្រៅប្រទេស SOGO (Study Overseas Go Overseas) ដែលជាគំនិតផ្គួចផ្តើមថ្មីរបស់អ្នកឧកញ៉ា។
អ្នកឧកញ៉ា គួច ម៉េងលី បានលើកទឹកចិត្តដល់កូនខ្មែរទាំងអស់ខិតខំបន្ថែមទៀត ដើម្បីចាប់យកឱកាសទៅរៀននៅបរទេស ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ក៏ដូចជាទទួលបានចំណេះដឹង ក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនទៅថ្ងៃមុខ។ លោកអះអាងថា ការសិក្សានៅក្រៅប្រទេស ក៏ធ្វើឲ្យជនជាតិដទៃស្គាល់ខ្មែរកាន់តែច្បាស់ តាមរយៈការបង្ហាញវប្បធម៌ខ្មែរ ក៏ដូចជាអត្តសញ្ញាណខ្មែរថា ជាតិសាសន៍មួយនេះ មានសមត្ថភាពមិនចាញ់ជាតិសាសន៍ដទៃឡើយ។
អ្នកឧកញ៉ា គួច ម៉េងលី បានថ្លែងថា «សម្រាប់ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន វាពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍជំនាញដូចជា ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ភាសាបរទេស ការសម្របខ្លួន និងការដោះស្រាយបញ្ហា។ ដូច្នេះការទៅសិក្សានៅក្រៅប្រទេស នឹងអនុញ្ញាតឱ្យសិស្សានុសិស្សទទួលបានបទពិសោធពីទីកន្លែង និងវប្បធម៌ថ្មីៗ បង្កើតមិត្តភាពមកពីជុំវិញពិភពលោក ក៏ដូចជាទទួលបានទស្សនវិស័យជាសាកល ខណៈស្ថាប័ន SOGO នៅទីនេះដើម្បីជួយណែនាំដល់សិស្សានុសិស្ស»។
SOGO គឺជាស្ថាប័នណែនាំពីដំណើរកម្សាន្តសិក្សា កម្មវិធីសិក្សានៅក្រៅប្រទេសទៅកាន់សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ចក្រភពអង់គ្លេស និងប្រទេសថៃ រួមជាមួយនឹងសេវាកម្មពាក់ព័ន្ធផ្សេងទៀតដូចជា ការប្រឹក្សាយោបល់ ជំនួយក្នុងការស្នើសុំទិដ្ឋាការ និងសេវាកម្មបកប្រែឯកសារជាដើម ដោយសន្យាផ្តល់ជូននូវគុណភាពលើគ្រប់កម្មវិធី និងសេវាកម្មទាំងអស់ ដែលធានាបាននូវភាពជោគជ័យរបស់សិស្ស។
បោះជំហានក្នុងឆ្នាំ២០១៩ និងការសហការជាមួយដៃគូ សេវាកម្មផ្លាស់ប្តូរវប្បធម៌អន្តរជាតិ អាយស៉ីអ៉ីអេស (ICES) ក្នុងស្ថាប័ន SOGO បានចាប់ផ្តើមកម្មវិធីសិក្សាក្នុងថ្នាក់វិទ្យាល័យដោយជោគជ័យ នៅសហរដ្ឋអាមេរិក ជាមួយនឹងសិស្សត្រឹមតែ១រូបដំបូង នៅឆ្នាំ២០២០ ហើយបានរីកចម្រើនឡើងដល់សិស្ស ៤រូបទៀតនៅឆ្នាំ២០២១។ ទោះជាយ៉ាងណា ដោយសារតែប្រជាប្រិយភាព និងសេវាកម្មល្អ ក្នុងខែសីហា ឆ្នាំ២០២២នេះ សិស្សថ្នាក់វិទ្យាល័យដែលមានបំណងចង់ទទួលបានបទពិសោធន៍ ២២នាក់ផ្សេងទៀត នឹងចាកចេញពីប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្លួន ដើម្បីធ្វើដំណើរទៅសិក្សានៅសហរដ្ឋអាមេរិក។
ជាមួយគ្នានេះដែរ អ្នកស្រី Eun Lee ដែលជានាយិការបស់ស្ថាប័ន SOGO បានបញ្ជាក់ថា SOGO «គឺជាស្ថាប័នដែលផ្តល់នូវដំណោះស្រាយដល់សិស្សានុសិស្ស ដែលមានបំណងចង់ទៅសិក្សានៅក្រៅប្រទេស និងជាកន្លែងដែលនាំមកនូវការអប់រំជាសាកលដល់មនុស្សគ្រប់គ្នា»។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសស្វាគមន៍ និងអបអរសាទរចំពោះការបើកជាផ្លូវការនូវយន្តការថ្មីមួយនេះ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ថ្លែងថា «នេះជាការរួមចំណែកមួយក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការបន្តការសិក្សានៅប្រទេសជាមិត្ត ដើម្បីចូលរួម ក៏ដូចជាបន្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា នៅពេលបច្ចុប្បន្ន និងអនាគត»។
ក្រសួងអប់រំយុវជន និងកីឡា បន្តលើកកម្ពស់ធនធានមនុស្ស ក្រោមកិច្ចសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕