(ភ្នំពេញ)៖ រដ្ឋាភិបាលអូទ្រីស បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយភាពជោគជ័យ។ នេះបើតាមការផ្សាយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ម្សិលមិញ។
ការកោតសរសើរ បានបង្ហាញដោយលោក វីលៀម ម៉ាស៉ីមីលាន ដុនកូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអូទ្រីស នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតទទួលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង បន្ទាប់ពីលោកឯកអគ្គរដ្ឋទូត បានចូលក្រាបបង្គំគាល់ថ្វាយសារតាំងចំពោះព្រះភក្ដ្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
ក្រសួងការបរទេសបញ្ជាក់ថា «នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរកោតសរសើរចំពោះកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅភ្នំពេញ ប្រកបដោយជោគជ័យ»។
ក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានពិភាក្សាអំពីសក្ដានុពលនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀតនាពេលខាងមុខ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួមផងដែរ។
សូមជម្រាបថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ ក្នុងរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់៕