(ភ្នំពេញ)៖ សម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១នៃគណៈមហានិកាយនិងជាព្រះប្រធានថេរសភានៃពុទ្ធសាសនាកម្ពុជា មានព្រះបន្ទូលថា បុគ្គលណាសេពគប់នឹងបណ្ឌិត តែងបានប្រយោជន៍រួមមាន៖ ប្រយោជន៍បច្ចុប្បន្ន ប្រយោជន៍បរលោក និងប្រយោជន៍ដ៏ធំផុត គឺប្រយោជន៍ព្រះនិព្វាន ពុំខានឡើយ។
សម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត អំ លឹមហេង មានព្រះបន្ទូលយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសនិមន្តជាព្រះអធិបតីភាពក្នុងពិធីចែក សក្ខីបត្រដល់សិក្ខាកាមអាជីវកម្មសម្មាមគ្គជំនាន់ទី១និងការប្រកាសបើកបង្រៀនអាជីវកម្មសម្មាមគ្គជំនាន់ទី២ ដែលបានរៀបចំឡើងនៅរមណីយដ្ឋានត្នោតជ្រំ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងមានការចូលរួមពីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនិងជាអ្នកផ្តួចផ្តើមបង្រៀនអាជីវកម្មសម្មាមគ្គ, លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងជាប្រធានក្រុមធម្មសកម្ម រួមទាំងមានសិក្ខាកាមជាច្រើនរូបទៀត។
សម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត អំ លឹមហេង មានព្រះបន្ទូលយ៉ាងដូចនេះ «ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៃយើងទ្រង់ត្រាស់ទូន្មានប្រៀនប្រដៅយើងឱ្យយើងសេពគប់ នឹងបណ្ឌិត ដែលបណ្ឌិតលោកជាអ្នកប្រព្រឹត្តធម៌ល្អ លោកប្រកបដោយសទ្ធា សីល: ចាគៈ និងបញ្ញា បុគ្គលណាសេពគប់នឹងបណ្ឌិត តែងបានប្រយោជន៍ទាំង៣ គឺប្រយោជន៍បច្ចុប្បន្ន ប្រយោជន៍បរលោក និងប្រយោជន៍ដ៏ធំផុត គឺប្រយោជន៍ព្រះនិព្វាន អ៊ីចឹងបុគ្គលណាសេពគប់នឹងបណ្ឌិតមានព្រះពុទ្ធជាដើម តែងសម្រេចបាននូវ ប្រយោជន៍ទាំង៣នេះ»។
សម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិតមានព្រះបន្ទូលទៀតថា ព្រះសម្មាសម្ពុទ្ធទ្រង់ក៏បានសម្តែងឱ្យកុំសេពគប់នឹងពាល ដែលការសេពគប់នឹងពាល គឺនាំឱ្យខាតនូវប្រយោជន៍ ទាំង៣នេះផងដែរ។ សម្រាប់សិក្ខាកាមដែលបានរៀនអាជីវកម្មសម្មាមគ្គ ជាថ្នាក់រៀនដែលល្អ ដែលជាប្រយោជន៍ល្អនេះប្រៀបបាននឹងការសេពគប់នឹងបណ្ឌិត ហើយរមែងទទួលបាននូវប្រយោជន៍បច្ចុប្បន្ន ប្រយោជន៍បរលោក និងប្រយោជន៍ព្រះនិព្វានជាក់ជាពុំខានឡើយ។
សម្តេចព្រះពោធិ៍វ័ង្ស អំ លឹមហេង មានព្រះបន្ទូលដែរថា បច្ចុប្បន្ននេះការទាស់ទែងគ្នានៅតាមស្ថាប័ននិងក្រុមហ៊ុននីមួយៗនោះ គឺដោយសារការខ្វះធម៌និងក្តីមេត្តាក្នុងខ្លួន ការឥតសីល ហើយប្រសិនជាមនុស្សម្នាក់ៗមានសីល៥នៅក្នុងខ្លួននោះ គឺនឹងមិនចេះឈ្លោះប្រកែកគ្នានោះទេ។
ជាមួយគ្នានេះ សម្តេចព្រះពោធិ៍វ័ង្សក៏បានបង្ហាញក្តីរីករាយយ៉ាងពន់ពេក ដែលឃើញម្ចាស់អាជីវកម្ម ម្ចាស់ក្រុមហ៊ុនផ្សេងៗ បានធ្វើអាជីវកម្មតាមបែបព្រះពុទ្ធសាសនា ដែលជាការរកស៊ីដែលល្អត្រឹមត្រូវបំផុតនិងបានសំណូមពរឱ្យមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បង្កើតឱ្យមានការបង្រៀនអាជីវកម្មសម្មាមគ្គ ឱ្យបានកាន់តែច្រើនវគ្គបន្ថែមទៀត ដើម្បីឱ្យសិក្ខាកាមដែលជាម្ចាស់អាជីវកម្មនិងក្រុមហ៊ុនអាចយកទៅប្រតិបត្តិនៅក្នុងស្ថាប័នរៀងខ្លួន ដើម្បីបង្កើតជាការរកស៊ីដែលត្រឹមត្រូវនិងជាប្រយោជន៍ផងដែរ។
មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានឱ្យដឹងដែរថា វគ្គសិក្សានេះធ្វើឡើងដើម្បីបង្រៀនដល់អាជីវករ ពាណិជ្ជករ ឫអ្នករកស៊ី ចេះធ្វើអាជីវកម្ម ឱ្យបានតាមផ្លូវកណ្តាល ហើយតាមវិធីដែលត្រឹមត្រូវ តាមព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានសម្តែង ហើយនៅពេលដែលការរៀននេះបានត្រឹមត្រូវតាមពុទ្ធវចនៈ ត្រឹមត្រូវតាមទានសីល ហើយយកទៅអនុវត្តពិតប្រាកដហើយនោះ នឹងបានជាសេចក្តីចម្រើន បានជាប្រយោជន៍ និងបានសេចក្តីសុខ។
មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានបន្ថែមទៀតថា សម្រាប់វគ្គសិក្សាអាជីវកម្មសម្មាមគ្គ លោកនឹងនៅតែបន្តឱ្យបានច្រើនវគ្គបន្ថែមទៀត ដើម្បីបណ្តុះអាជីវករឱ្យធ្វើអាជីវកម្មកម្មសម្មាមគ្គ ដើម្បឱ្យសិក្ខាកាមអាចទទួលបានចំណេះដឹងនិងជាប្រយោជន៍សម្រាប់ខ្លួនឯងនិងសង្គមផងដែរ៕