(ភ្នំពេញ)៖ ថ្លែងទៅកាន់សិក្ខាកាមក្នុងថ្នាក់សិក្សា FTC លោក ម៉ា យ៉ារិទ្ធ បានជំរុញនឹងលើកទឹកចិត្តដល់សិក្ខាកាមដែលជាអ្នកសាព័ត៌មាននៅតាមបណ្ដាខេត្ត សរសេរអត្ថបទ បទយកការណ៍ ( Feature Story) ឲ្យបានច្រើន។ សរសេរឲ្យបានច្រើន គឺដើម្បីបង្ហាញឲ្យអ្នកនៅក្រៅតំបន់ បានស្គាល់ និងយល់ដឹងអំពីទំនៀមទម្លាប់ និងបរិបទនៃការរស់នៅរបស់ប្រជាជននៅតាមតំបន់ផ្សេងៗ ឲ្យបានយល់ដឹងនិងចែករំលែកបន្ត។
បើទោះជាបទយកការណ៍ ជាប្រភេទអត្ថបទបែបត្រជាក់ ហើយពេលខ្លះសាច់រឿងមួយចំនួនត្រូវបានគេមើលរំលង ប៉ុន្តែអ្នកសរសេរបទយកការណ៍ អាចសរសេរអត្ថបទដែលដកស្រង់ និងបង្ហាញដល់អ្នកអានឲ្យបានស្គាល់ នូវរឿងធម្មតាសម្រាប់អ្នកក្នុងតំបន់ ប៉ុន្តែអាចក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់អ្នករស់នៅតំបន់ផ្សេងជាខ្លាំង។ នេះគឺជាការបញ្ជាក់របស់ លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC)។
បទយកការណ៍អាចមិនសូវចាប់អារម្មណ៍ពីអ្នកព័ត៌មានក្នុងការសរសេរ ដោយតែត្រូវចំណាយពេលច្រើនក្នុងការចងក្រងឯកសារ និងសរសេរ ប៉ុន្តែបទយកការណ៍ អាចកែប្រែរឿងធម្មតាសម្រាប់តំបន់មួយ ឲ្យក្លាយទៅជារឿងមិនធម្មតាសម្រាប់តំបន់ដទៃទៀត ឬអាចជួយកែប្រែស្ថានភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែល្អប្រសើរឡើងថែមទៀតផង ដែលនេះជាអ្វីដែលលោក ម៉ារ យ៉ារិទ្ធ ជម្រុញ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មាន ជាពិសេសអ្នកព័ត៌មាននៅតាមបណ្ដាខេត្ត ឲ្យងាកមកចាប់អារម្មណ៍ក្នុងការសរសេរបទយកការណ៍ដើម្បីផ្សព្វផ្សាយផងដែរ។
សូមបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោក ម៉ារ យ៉ារិទ្ធនេះ ធ្វើឡើងនៅក្នុងថ្នាក់សិក្សាអំពីការសរសេរបទយកការណ៍ ឬ Feature Story របស់ FTC។
លោក ម៉ារ យ៉ារិទ្ធ ជាអ្នកព័ត៌មានជិត៤០ឆ្នាំមកហើយ ហើយលោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕