(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា អញ្ជើញជាអធិបតីក្នុងពិធីបើកគម្រោងផ្ដល់សេវាលើកកម្ពស់សុខភាពសហគមន៍កម្ពុជា ជូនប្រជាពលរដ្ឋទូទៅចំនួន៥០០នាក់ និងខតាន់ជូនក្មេងប្រុសចំនួន ១០០នាក់ នៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលគម្រោងនេះរៀបចំឡើងដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមសម្ព័ន្ធយុវជនមុស្លិកម្ពុជា (ស.យ.ម.ក) ក្រោមជំនួយរបស់សមាគមសម្របសម្រួល និងអភិវឌ្ឍហ៍សង្គម សហការជាមួយសមាគមពិភពលោកនៃក្ដីមេត្តា នៃរដ្ឋកូវ៉ែត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី ម៉ាណ ណាវី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ, លោកស្រី លឹម ផល្លា តំណាងរាស្ត្រខេត្តកំពង់ធំ, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ, អភិបាលរងស្រុកបារាយណ៍, អាជ្ញាធរមូលដ្ឋាន, ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងប្រជាពលរដ្ឋជាង៦០០នាក់។
ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បាននាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ដល់ប្រជាពលរដ្ឋទាំងអស់គ្នាដោយក្ដីនឹករលឹកជាទីបំផុត។
ជាមួយគ្នានោះ លោក រ៉ូហ្វី អូស្មាន ក៏បានថ្លែងអំណរគុណដល់សមាគមទាំងពីរ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងបង្កើតកម្មវិធីផ្សេងៗ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្ររបស់ ស.យ.ម.ក ទាំងអស់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការបំពេញការងារដើម្បីបម្រើប្រជាពលរដ្ឋ។
លោកបន្ដថា ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើន និងមានសុខសន្តិភាព។ ហើយសន្តិភាពនេះ គឺមានតម្លៃជាងអ្វីៗទាំងអស់ មានសន្តិភាព ទើបធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសរស់រានមានជីវិតប្រកបដោយសេរីភាពរហូតដល់សព្វថ្ងៃ។ ដូច្នេះ ក្នុងនាមយើងជាប្រជាពលរដ្ឋកម្ពុជា សូមចូលរួមថែរក្សាសន្តិភាពនេះឲ្យបានល្អ និងជានិរន្តរ៍។
លោកក៏បានរំលឹកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន សហគមន៍ឥស្លាមទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ លើសពីនោះទៀតនោះ រដ្ឋាភិបាលបានផ្ដល់សិទ្ធិដល់សាសនិកឥស្លាមក្នុងការប្រើប្រាស់ឯកសណ្ឋានបែបសាសនា ក្នុងសាលារៀន ទីកន្លែងធ្វើការ ទីសាធារណៈ និងសម្រាប់ការថតឯកសារសំខាន់ៗ ដូចជា ថតអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ លិខិតឆ្លងដែន និងផ្សេងៗទៀត ដើម្បីឲ្យសាសនិកឥស្លាមបំពេញកាតព្វកិច្ចជាមុស្លិម។
លោកបន្តទៀតថាក្នុងនាម ជាសមាជិករដ្ឋសភា ដូចជាខ្មែរឥស្លាមទូរទាំងប្រទេស សូមធ្វើការគាំទ្រទាំងស្រុង ចំពោះការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញផងដែរ។
លោក រ៉ូហ្វី អូស្មាន ក៏បានក្រើនរំលឹកដល់ ប្រជាពលរដ្ឋ សូមឲ្យចូលរួមចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា ដើម្បីការពារពីការឆ្លងជម្ងឺកូវីត១៩ ក៏ដូចជាអនុវត្ត បីការពារ និងបីកុំ និងសូមបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
គួរជម្រាបផងដែរថា កម្មវិធីនេះទទួលព្យាបាលលើជំងឺ ទូទៅ ជំងឺរោគស្រ្តី ជំងឺកុមារ ជំងឺភ្នែក និងធ្វើអេកូសាស្រ្ត ហើយក្នុងរណីដែលមានអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនឹងធ្វើការរៀបចំអ្នកជំងឺដើម្បីឲ្យទទួលបានការព្យាបាល នៅរាជធានីភ្នំពេញដោយឥតគិតថ្លៃផងដែរ។
ចុងបញ្ចប់នៃកម្មវិធីខាងលើ លោក រ៉ហ្វី អូស្មាន ក៏បានឧបត្ថម្ភថវិកាសម្រាប់កម្មវិធីនោះចំនួន២,១៦០,០០០រៀល ផងដែរ។ ជាមួយគ្នានោះ លោកស្រី ម៉ាណ ណាវី ក៏បានឧបត្ថម្ភថវិកាសម្រាប់វិហារឥស្លាមភូមិដូនប៉ែនចំនួន មួយលានរៀល និងបាននាំយកអំណោយជាសម្លៀកបំពាក់សម្រាប់ទារក ដើម្បីចែកជូនក្រុមគ្រួសារដែលមានការខ្វះខាត ដែលអំណាយខាងលើ បានមកតាមរយៈអង្គការមូលនិធិពិភពកុមារកំព្រាកម្ពុជា៕