(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ គ្រោងរៀបចំសាងសង់អគាររដ្ឋបាលថ្មី សម្រាប់មន្ត្រីនៃច្រកទ្វារអន្តរជាតិចាំយាម ស្ថិតនៅភូមិថ្មី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ការចុះពិនិត្យទីតាំងក្នុងការរៀបចំគម្រោងអគារថ្មីនេះ ដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៃកម្ពុជា និងលោកបណ្ឌិត សំឃីត វៀន អភិបាលខេត្តស្តីទីកោះកុង ព្រមទាំងក្រុមការងារខេត្ត អភិបាលស្រុក និងមន្រ្តីជំនាញមួយចំនួនទៀត។
ការចុះសិក្សាទីតាំងជាក់ស្តែង ដើម្បីគ្រោងស្នើសូមសាង់សង់អគាររដ្ឋបាលថ្មីសម្រាប់មន្រ្តី នៃច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។ ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម គឺជាច្រកព្រំដែនដ៏សំខាន់មួយរវាងខេត្តកោះកុង និងខេត្តត្រាត ប្រទេសថៃ ក្នុងការដោះដូរទំនិញ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងផលិតផលកសិកម្មនានា និងធ្វើការកិច្ចការទំនាក់ទំនងគ្នាបានល្អ។
ការរៀបចំអគារដ្ឋបាលថ្មីនេះ នឹងធ្វើផ្តល់សេវានៅច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិចាំយាម កាន់តែរហ័ស ល្អប្រសើរ និងមានប្រសិទ្ធភាព ស្របទៅនឹងការរីកចម្រើនភ្ញៀវទេសចរណ៍អន្តរជាតិ៕