(ភ្នំពេញ)៖ លោកស្រីឧបនាយករដ្ឋមន្ត្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជនក្នុងបរិបទឌីជីថល» នៅវិមាន៧មករា នាព្រឹកថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ។
អង្គសិក្ខាសាលា ក៏មានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី អគ្គលេខានៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជនផងដែរ ។
សិក្ខាសាលារយៈពេល១ថ្ងៃកន្លះ ស្តីពី «ការចែករំលែកព័ត៌មាន នៅក្នុងបរិបទឌីជីថល និងការផ្លាស់ប្តូរបទពិសោធន៍ លើការងារផ្សព្វផ្សាយមហាជន» នេះ មានការចូលរួមជាសិក្ខាកាមពីសំណាក់រចនាសម្ព័ន្ធគណៈចលនាមហាជនរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ, ជនបង្គោលទទួលបន្ទុកការងារ ចលនាមហាជនពីបណ្តាគណបក្ស ក្រសួង-ស្ថាប័ន, រចនាសម្ព័ន្ធផ្សព្វផ្សាយរបស់រាជរដ្ឋាភិបាល និងគណបក្ស ប្រមាណជាង ៧០០នាក់។
អង្គសិក្ខាសាលាប្រព្រឹត្តទៅជាកិច្ចប្រជុំពេញអង្គ ជាមួយនឹងការចាប់ផ្តើមដោយបទបង្ហាញ លើប្រធានបទសំខាន់ចំនួន៣ ដោយវាគ្មិនជំនាញ និងពោរពេញដោយបទពិសោធន៍។ ទន្ទឹមនេះ ក៏នឹងមានជាការបែងចែកជាក្រុមពិភាក្សា ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចចែករំលែកបទពិសោធ ដោយផ្ទាល់ពីមូលដ្ឋាន និងការងាររបស់ខ្លួនលើការងារសាធារណមតិ និងផ្សព្វផ្សាយមហាជន ជាពិសេសក្នុងបរិបទឌីជីថល។
គោលបំណងនៃការរៀបចំសិក្ខាសាលា គឺដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងស្វែងយល់អំពីតួនាទីរបស់ការងារផ្សព្វផ្សាយ និងសាធារណមតិ, ចែករំលែកអំពីវិធីសាស្ត្រនៃការផ្សព្វផ្សាយ មហាជនក្នុងបរិបទឌីជីថល, បង្កើតឱកាសជួបជុំ និងពង្រីកការទំនាក់ទំនង ជាមួយអង្គការចាត់តាំងនិងយន្តការផ្សព្វផ្សាយនានារបស់គណបក្ស ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាព ភាពប្រទាក់ក្រឡាគ្នាទាំងយន្តការនានានៅថ្នាក់កណ្តាល និងរវាងទំនាក់ទំនងរវាងយន្តការថ្នាក់កណ្តាលជាមួយថ្នាក់មូលដ្ឋាន និងបង្កើតឱកាសបានរៀនសូត្រ ពីគ្នាទៅវិញទៅមកដកស្រង់ទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីការផ្សព្វផ្សាយនៅតាមមូលដ្ឋាននីមួយៗ និងពីតម្រូវការ។
ដោយឡែកនៅថ្ងៃស្អែកពិធីបិទ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា៕