(បន្ទាយមានជ័យ)៖ ក្រោយពីមានការលើកឡើងរបស់ប្រជាពលរដ្ឋពីការលំបាកពេលធ្វើដំណើរតាមផ្លូវមួយខ្សែនៅក្នុងក្រុងសិរីសោភ័ណ អាជ្ញាធរក្រុងបាននាំយកថ្មចាក់ក្រាលបណ្តោះអាសន្ន ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ផ្លូវខាងលើនេះមានប្រវែងប្រមាណ៨០០ម៉ែត្រ ចាប់ពីភូមិចក សង្កាត់ព្រះពន្លា ទៅសង្កាត់ភ្នៀត ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈផ្លូវនេះមានភាពយឺតយ៉ាវក្នុងការកំពុងជួសជុល។
អភិបាលក្រុងសិរីសោភ័ណក៏ស្មើសុំការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដោយមានភាពយឺតយ៉ាវចំពោះដំណើរការនៃការស្ថាបនាផ្លូវខាងលើ ដោយសារផ្លូវខាងលើនេះខាងក្រុមហ៊ុនកំពុងសិក្សាបន្ថែម ដោយត្រូវបន្ថែមគ្រឹះកម្ពស់១ម៉ែត្រឱ្យខ្ពស់ជាងនីវ៉ូទឹក ដើម្បីបញ្ជៀសការជន់លិច។ ដូចច្នេះជាការឆ្លើយតប អាជ្ញាធរបានជំរុញដល់ក្រុមហ៊ុនចាក់ក្រាលថ្មមិចជាបណ្តោះអាសន្នសិន ដោយសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋ។
មួយវិញទៀតលោក អភិបាលក្រុងសិរីសោភ័ណក៏បានជូនដំណឹងផងដែរចំពោះពលរដ្ឋដែលរស់នៅក្នុងសង្កាត់កោះពងសត្វ ដែលត្រូវធ្វើដំណើរទៅក្នុងក្រុង សូមប្រើប្រាស់ផ្លូវសង្កាត់ជាបណ្តោះអាសន្នសិន ដោយផ្លូវពីសង្កាត់ព្រះពន្លាទៅសង្កាត់កោះពងសត្វ ក្រុមហ៊ុនម៉ៅការនឹងចាក់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា ផ្លូវដែលភ្ជាប់ពីភូមិចក សង្កាត់ព្រះពន្លា ទៅភូមិបង្រុះ សង្កាត់ភ្នៀត ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យលើកជាគម្រោងផ្លូវក្រាលកៅស៊ូ ដែលមានប្រវែងប្រមាណ១៣គីឡូម៉ែត្រ ដែលបច្ចប្បន្នគម្រោងបានចាប់ផ្តើមក្រាលកៅស៊ូជាបណ្តើរៗ នៅសល់ចំណុចមួយចំនួនដែលត្រូវការសិក្សាក្រាលបន្ថែមគ្រឹះ ដើម្បីឱ្យផ្លូវមានគុណភាពមាំប្រើប្រាស់បានយូអង្វែង៕