(ភ្នំពេញ)៖ សន្តិសុខម្នាក់របស់ក្រុមហ៊ុន សុវត្ថិភាពខេមបូគ្រុប ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ ស្រាវជ្រាវតាមកាមមេរ៉ាសុវត្ថិភាព រហូតឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងពីផ្ទះជនរងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥៖១៥នាទីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលក្រុម១២ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងថា ជនសង្ស័យជាចោរលួចម៉ូតូឈ្មោះ ពុំ សាវឿន ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរសន្តិសុខក្រុមហ៊ុនសុវត្ថិភាពខេមបូគ្រុប។ ចំណែកជនរងគ្រោះឈ្មោះជី សុផារី ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរជាបុគ្គលិកក្រសួងសុខាភិបាល ស្នាក់នៅចំណុចកើតហេតុខាងលើ និងជាម្ចាស់ម៉ូតូម៉ាក HONDA C១២៥ពណ៌ខ្មៅ សេរីឆ្នាំ ២០០៨ស្លាកលេខ កណ្ដាល 1F-0776 ។ មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងទៀតថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងឆែកតាមកាមមេរ៉ាសុវត្ថិភាពដែលបំពាក់ក្បែរទីតាំងកើតហេតុ ខណៈនោះដែរកម្លាំងសមត្ថកិច្ច បានបន្តស្រាវជ្រាវរកឃើញជនត្រូវសង្ស័យម្នាក់ ជាសន្តិសុខបានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះតាមរយៈកាមមេរ៉ាទើបឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើភ្លាមៗ ដោយដកហូតម៉ូតូសង់ឌ្រីម១គ្រឿង ដែលជននេះបានធ្វើសកម្មភាពលួចយកទៅពីផ្ទះជនរងគ្រោះពិតប្រាកដមែន។ មន្ត្រីនគរបាលប៉ុស្ដិ៍ទួលសង្កែ បានឲ្យដឹងបន្ថែមថា បន្ទាប់ពីធ្វើការស្រាវជ្រាវផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ និងម៉ូតូរបស់ជនរងគ្រោះជាច្រើនម៉ោង កម្លាំងសមត្ថកិច្ចបានសម្រេចប្រគល់ម៉ូតូជូនជនរងគ្រោះវិញផងដែរ។
សូមបញ្ជាក់ថា ជនសង្ស័យជាចោរលួចម៉ូតូ ត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីបន្តនីតិវិធីទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕