(ភ្នំពេញ)៖ សកម្មភាពរបស់ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ ដែលបានប្រព្រឹត្តពាក់ព័ន្ធករណីវិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៍កន្លងមកនេះ គឺជាសកម្មភាពល្មើសច្បាប់៣ចំណុចធំៗ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។
ការិយាល័យអ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់យ៉ាងច្បាស់ៗថា សកម្មភាពល្មើសច្បាប់ទី១ គឺលោកស្រី យ៉ាង សុភ័ណ្ឌ បានដឹកនាំនិងធ្វើសកម្មភាពក្រៅដែនអនុវត្តតាមវិជ្ជាជីវៈ ឬវិស័យដែលបានកំណត់ក្នុងប្រការ៦នៃលក្ខន្តិកៈសហព័ន្ធសហជីពរបស់ខ្លួន (មាត្រា៨១ នៃច្បាប់ស្តីពីសហជីព)។ សកម្មភាពល្មើសច្បាប់ទី២ គឺលោកស្រីបានដឹកនាំនិងបង្ខិតបង្ខំកម្មករនិយោជិតឱ្យចូលរួមធ្វើកូដកម្មតវ៉ា (មាត្រា៨៩ នៃច្បាប់ស្តីពីសហជីព)។ រីឯទី៣ គឺប្រធានសម្ព័ន្ធសហជីពកម្ពុជារូបនេះបានដឹកនាំធ្វើកូដកម្ម ឬបាតុកម្មដែលផ្ទុយនឹងនីតិវិធីច្បាប់ (មាត្រា៦៥ នៃច្បាប់ស្តីពីសហជីព)។
គួរជម្រាបថា ការចេញមកបកស្រាយរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារខាងលើនេះ គឺបន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមរបស់សហជីពនិងអង្គការសង្គមស៊ីវិលមួយក្រុម ដែលបដិសេធចំពោះលិខិតព្រមានរបស់ក្រសួងការងារចំពោះលោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា។
ដើម្បីឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍ខាងលើ ក្រសួងការងារបានបកស្រាយយ៉ាងដូច្នេះថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង អ្នកផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតបញ្ជាក់អ្នកតំណាងកម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងាររួម ដែលមានសមាសភាពដូចការស្នើសុំចំនួន៩រូប ដែលដឹកនាំដោយលោកស្រី ឈឹម ស៊ីថរ រួចបានធ្វើការផ្សះផ្សាលើបណ្តឹងទាមទារទាំង៥ចំណុចរបស់តំណាងកម្មករនិយោជិត ដោយទទួលបានលទ្ធផលសះជាចំនួន១ចំណុច និងមិនសះជាចំនួន៤ចំណុច ដែលត្រូវបានបញ្ជូនសំណុំរឿងទៅដោះស្រាយបន្តនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។
បន្ទាប់ពីភាគីទាំងពីរបានជ្រើសរើសអាជ្ញាកណ្តាលដោយខ្លួនឯង និងសេចក្តីបង្គាប់មិនជាប់កាតព្វកិច្ច អាជ្ញាកណ្តាលបានបើកសវនាការចំនួន២លើកទៅតាមនីតិវិធីជាធរមាន ហើយបានចេញសេចក្តីបង្គាប់លេខ០១២/២២ ណាហ្គាវើលដ៍ លីមីធីត ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ដោយបដិសេធពិចារណាចំណុចទី១ទាមទារឱ្យក្រុមហ៊ុនបញ្ឈប់គម្រោងកាត់បន្ថយបុគ្គលិក និងចំណុចទី២ការបញ្ឈប់ការបំភិតបំភ័យបុគ្គលិកតាមរយៈការហៅទៅជួបអ្នកគ្រប់គ្រងក្រុមហ៊ុន ហើយបានបង្គាប់ឱ្យអនុវត្តចំណុចទី៣ការផ្តល់ប្រាក់បំណាច់ផ្តាច់កិច្ចសន្យាការងារតាមច្បាប់សម្រាប់អ្នកដែលយល់ព្រមឈប់ និងចំណុចទី៤ការបន្តផ្តល់ឡើងវិញនូវប្រាក់បំណាច់អតីតភាពការងារឆ្នាំ២០២០ និង២០២១ ជូនកម្មករនិយោជិតក្នុងឆ្នាំ២០២១ និងគណនាឱ្យបានត្រឹមត្រូវតាមច្បាប់។ ប៉ុន្តែសហជីពបានប្តឹងជំទាស់នឹងសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើឱ្យសេចក្តីបង្គាប់នេះមិនអាចអនុវត្តបាន។
បន្ទាប់មក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងទទួលបានលិខិតរបស់សហជីពស្នើឱ្យក្រុមហ៊ុនទទួលកម្មករនិយោជិត៣៧៣នាក់ចូលបម្រើការងារវិញ ដែលក្រសួងបានណែនាំឱ្យសហជីពគួរអនុវត្តទៅតាមនីតិវិធីនៃការដោះស្រាយវិវាទការងារដែលច្បាប់កំណត់ ដោយប្តឹងបន្តទៅតុលាការនូវកម្មវត្ថុនៃបណ្តឹងដែលត្រូវបានដោះស្រាយរួចហើយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងដាក់ពាក្យបណ្តឹងសាជាថ្មីមកក្រសួងចំពោះកម្មវត្ថុនៃចំណុចទាមទារណាដែលមិនទាន់ត្រូវបានឆ្លងកាត់ការដោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សហជីពបានដាក់លិខិតមួយផ្សេងទៀតមកក្រសួង ដោយទាមទារ៣ចំណុចថ្មីបន្ថែមទៀត។ ប៉ុន្តែដោយមិនទាន់បានឆ្លងកាត់នីតិវិធីដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផង សហជីពបានសម្រេចចិត្តរំលងចោលនូវដំណាក់កាលនេះ និងដំណាក់កាលនៃការប្តឹងបន្តទៅតុលាការឱ្យដោះស្រាយ ហើយបែរជាឈានទៅចាប់យកការធ្វើកូដកម្មដើម្បីដោះស្រាយបញ្ហាវិវាទការងារនេះ ដោយបានជូនដំណឹងទៅនិយោជក និងចម្លងជូនក្រសួងពីការសម្រេចចិត្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនចាប់ពីថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២១ ដើម្បីទាមទាររហូតដល់ចំនួន៩ចំណុច ដែលខុសពីបញ្ញត្តិនៃច្បាប់ស្តីពីការងារ ដែលបានកំណត់ថាមានតែចំណុចដែលត្រូវបានឆ្លងកាត់រួចហើយនូវការដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ទើបអាចក្លាយទៅជាកម្មវត្ថុនៃការធ្វើកូដកម្ម។
ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ដោយបានសម្រេចហាមឃាត់ និងបានកំណត់គុណវុឌ្ឍិកូដកម្មថាជាកូដកម្មខុសច្បាប់។ តុលាការបានបញ្ជាក់ថា វិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះជាវិវាទដែលពាក់ព័ន្ធវិធានទាក់ទងនឹងដំណោះស្រាយរបស់អាជ្ញាកណ្តាល និងជាវិវាទដែលមានចំណុចទាមទារថ្មី ហើយមិនទាន់ត្រូវបានដោះស្រាយដោយអាជ្ញាកណ្តាលដែលជាកម្មវត្ថុនៃការទាមទារដែលមិនអនុញ្ញាតឱ្យភាគីកម្មករនិយោជិតប្រើប្រាស់សិទ្ធិធ្វើកូដកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការងារឡើយ។
បន្ទាប់មកទៀត ក៏មានអតីតបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍មួយចំនួនបានត្រូវទទួលបទចោទព្រហ្មទណ្ឌចំពោះសកម្មភាពល្មើសរបស់ខ្លួន ហើយអតីតបុគ្គលិកទាំងនោះបានធ្វើលិខិតមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្នើសុំជួយផ្តល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ឱ្យពួកគាត់បាននៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីបានចូលរួមស្វែងរកដំណោះស្រាយ និងឈានទៅបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ និងបានសន្យាថាសហការជាមួយអាជ្ញាធរក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល មិនរារាំងការយកសំណាក មិនធ្វើការប្រមូលផ្តុំ ឬដឹកនាំតវ៉ាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិនោះឡើយ។ ក្នុងនាមជាអាណាព្យាបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើលិខិតទៅក្រសួងយុត្តិធម៌ និងបានចម្លងជូនក្រសួងសុខាភិបាល ហើយក្រសួងយុត្តិធម៌ក៏បានធ្វើលិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ឱ្យអតីតបុគ្គលិកទាំងនោះបាននៅក្រៅឃុំបណ្តោះអាសន្ន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការប្រើប្រាស់យន្តការគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា បានកោះអញ្ជើញភាគីទាំងពីរមកចរចាទល់មុខគ្នាបានជាច្រើនលើក និងជួបចរចាដោយឡែកជាច្រើនលើកផងដែរ ដើម្បីស្វែងរកលទ្ធភាពសម្របសម្រួល ប៉ុន្តែវិវាទនេះមិនបានសះជាឡើយ ដោយចំណុចដែលមិនសះជា និងគ្មានដំណោះស្រាយនោះ គឺភាគីសហជីពនៅតែបន្តទាមទារឱ្យក្រុមហ៊ុនត្រូវតែទទួលយកកម្មករនិយោជិតដែលនៅសេសសល់ឱ្យចូលធ្វើការវិញ ចំណែកក្រុមហ៊ុនបានបដិសេធលើការទាមទារនេះ ដោយយល់ព្រមអនុវត្តការទូទាត់សំណងស្របតាមច្បាប់ជាធរមាន។ គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកសរុបចំនួន២៣៤រូបក្នុងចំណោម៣៧៣រូបបានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹមតែ១៣៩រូបប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។ ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕