(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអាកាសចរស៊ីវិល បានសហការជាមួយក្រុមហ៊ុន BOEING ដែលជាក្រុមហ៊ុនផលិតយន្ដហោះដ៏ធំរបស់អាមេរិក និងជាក្រុមហ៊ុននាំមុខគេរបស់ពិភពលោក ផ្ដល់ការបណ្ដុះបណ្ដាល ពីការប្រើប្រាស់អាកាសយានដ្ឋាន និងការធានាសុវត្ថិភាពសន្ដិសុខ ជូនដល់អ្នកដំណើរ ទាំងខាងក្រៅ និងខាងក្នុង នៅអាកាសយានដ្ឋាន។
វគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំធ្វើឡើងរយៈពេល៤ថ្ងៃ ដោយមានសិក្ខាកាមចូលរួមចំនួន៤៥នាក់ ដែលមកពី៖ អាកាសយានដ្ឋានតេជោ, អាកាសយានដ្ឋានសៀមរាបថ្មី, ក្រុមហ៊ុនអាកាសចរណ៍ អង្គរអ៊ែរ និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត រួមជាមួយនិងមន្ដ្រីអាកាសចរស៊ីវិល និងមន្ដ្រីនៅវិទ្យាស្ថានជាតិអាកាសចរស៊ីវិល។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី AIRPORT OPERATIONS AND STRATEGY DEVELOPMENT SYMPOSIUM នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ លោក លីម កៅ នាយកវិទ្យាស្ថានជាតិអាកាសចរស៊ីវិល បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ទទួលការគាំទ្រពីក្រុមហ៊ុន BOEING ដែលបានអញ្ជើញគ្រូមកពីប្រទេសអង់គ្លេស។
លោក លីម កៅ បានឲ្យដឹងថា ការបើកវគ្គបណ្ដុះបណ្ដាលនេះ ដោយសារក្រុមហ៊ុន BOEING មើលឃើញថា កម្ពុជានឹងបើកដំណើរការអាកាសយានដ្ឋាន២ទៀត នៅប៉ុន្មានឆ្នាំខាងមុខនេះ ដែលរួមមាន៖ អាកាសយានដ្ឋានសៀមរាប និងអាកាសយានដ្ឋានតេជោ នៅតាខ្មៅ ខេត្តកណ្ដាល ដែលកំពុងសាងសង់។
លោក លីម កៅ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ គឺបានបង្ហាញសិក្ខាកាមទាំងអស់ ឲ្យយល់ដឹងអំពីការរៀបចំ ដើម្បីដំណើរការ និងធានាសុវត្ថិភាពអ្នកដំណើរ នៅអាកាសយានដ្ឋាន និងដំណើរការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ របស់អ្នកដំណើរ និងអ្នកទេសចរណ៍។
បន្ថែមពីនោះទៀត លោកថា គោលដៅនៃវគ្គបណ្ដុះបណ្ដាលនេះ គឺចង់ឲ្យតាមអាកាសយានដ្ឋាន, ក្រុមហ៊ុនអាកាសចរណ៍, មន្ដ្រីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងគ្រូ ឬក៏មន្ដ្រីនៅក្នុងវិទ្យាស្ថាន ជាតិអាកាសចរស៊ីវិល ដើម្បីយល់ដឹង និងស្វែងយល់បន្ថែម ពីការប្រើប្រាស់អាកាសយានដ្ឋាន និងធានាសុវត្ថិភាពនៅអាកាសយានដ្ឋាន ទាំងខាងក្នុង និងទាំងខាងក្រៅ។
គូសបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ ក៏បានបង្ហាញអំពីការធានា លើផ្នែកសុវត្ថិភាពសន្ដិសុខ ជូនដល់អ្នកដំណើរនៅក្នុងអាកាសយានដ្ឋាន និងបានបង្ហាញអំពីវិធីសាស្ដ្រ ដើម្បីធ្វើយ៉ាងម្ដេច ឲ្យមានការធានាសុវិត្ថភាពផងដែរ៕